ប្រទេសកម្ពុជាអាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ “NORU“ មកលើអាងទន្លេមេគង្គប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៥ ថ្ងៃខាងមុខ និងធ្វើឲ្យ ខេត្តស្ទឹងត្រែង ទឹកអាចកើនឡើងដល់កម្ពស់ ១០.០០ ម៉ែត្រ, ខេត្តក្រចេះទឹកអាចកើនឡើងដល់កម្ពស់ ២១.០០ ម៉ែត្រ, ខេត្តកំពង់ចាម ទឹកអាចកើនឡើងដល់កម្ពស់ ១៤.៣០ ម៉ែត្រ, ភ្នំពេញ-ចតុមុខ ទឹកអាចឡើងកម្ពស់ ៩.៤០ ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ដោយយោងលើស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយសារឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ “NORU“ មកលើអាងទន្លេមេគង្គប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។

ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បើទោះប្បីស្ថានភាពទឹកទន្លេហក់ឡើងដូចខាងលើក្តី នៅមិនទាន់ដល់កម្រិតឲ្យមានការប្រុងប្រយ័ត្ននោះទេ តែទឹកអាចលឹងហូរចូលលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ និងបន្តហូរចូលតាមបណ្តាព្រែកបន្ថែមទៀត។

ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឲ្យប្រុងប្រយ័ត្ន នៅតំបន់ភាគឥសាន ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមទឹកជំនន់៕