នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក ស៊ន សុភ័ក្រ្ត បានប្រាប់ឲ្យដឹងថា៖ នៅចំណុច រង្វង់មូលគូចកាណុងស្តាតចាស់ គោលដៅរង្វង់មូលស្ពានជ្រោយចង្វារ នគរបាលចរាចរណ៍គោលដៅនោះ បានចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកកង់បីដឹកទំនិញ ដោយសារមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល។
ប៉ុន្ដែអ្នកបើកកង់បីនោះ បានប្រាប់នគរបាលចរាចរណ៍ថា ខ្លួនមានតែលុយ៤៥០០រៀលទេនៅក្នុងហោប៉ៅ។ ដោយខ្លួនកំពុងដឹកឥវ៉ាន់ដើម្បីដាក់ជូនភ្ញៀវ និងខ្លាចមិនទាន់ពេល ក៏ប្រាប់ប៉ូលិសថា ខ្លួនមានតែទូរស័ព្ទមួយនេះ ចឹងមានតែយកទៅដាក់បញ្ចាំ លឺដូចនេះនគរបាលចរាចរណ៍ឯកភាពគ្នា ក៏ដឹកអ្នកបើកកង់បីទៅបញ្ចាំទូរស័ព្ទ បាន៦ម៉ឺនរៀល រួចក៏ដកលុយ៥ម៉ឺនរៀលឲ្យប៉ូលិស និងទុក១ម៉ឺននៅក្នុងខ្លួន។
លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាង ជុំវិញករណីនេះមន្ដ្រីនគរបាលជំនាញ កំពុងស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីទៅចង្អុលបង្ហាញផ្ទាល់នៅគោលដៅដែលគាត់ត្រូវបានផាកពិន័យ ជាពិសេសមន្ដ្រីនគរបាលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យតែម្ដង៕