អគ្គនាយកស៊ីម៉ាក់៖ ការចាប់ផ្តើមសាបព្រោះដោយមេដឹកនាំម្នាក់ មនុស្សមួយក្រុមតូច នឹងបន្តរាលដាលដល់ហ្វូងមនុស្សដ៏ច្រើន ហើយបើគ្មានវិធានការទាន់ពេល វាអាចក្លាយជាវិបត្តិសង្គមមួយដ៍ធ្ងន់ធ្ងរ

 

លទ្ធផលនៃការសាបព្រោះវប្បធម៌ សីលធម៌និងជំនឿខុសគោលដៅ ដេីម្បីផ្លាស់ប្តូរឥរិយាបថនិងសណ្តាប់ធ្នាប់សង្គម! (ព្រឹតិ្តការណ៍ភ្នំគូលែនឆ្នាំ២០២២)។
យើងនៅតែចងចាំទង្វើឃាតករសម្លាប់ជាតិសាសន៍ឯងដ៍មហាឃោរឃៅនិងរលឹកនឹកលឺសម្រែកជីដូនជីតា ឪពុកម្តាយបងប្អូនខ្លះ ត្រូវបានកាប់សម្លាប់ដោយបងប្អូនកូនចៅរបស់ខ្លួនឯងផ្ទាល់យ៉ាងព្រៃផ្សៃ ។
នោះដោយសារពួកមេដឹកនាំខ្មែរក្រហម បានបណ្តុះបណ្តាលអប់រំសាបព្រោះវប្បធម៌តស៊ូវណ្ណះ ស្អប់ខ្ពើមពួកសក្តិភូមិ(រាជវង្សានុវង្ស) ពួកនាយទុន(អ្នកមានឧកញ៉ា) ពួកមន្ត្រីរាជការ (ពេទ្យ គ្រូបង្រៀន មន្ត្រីតាមក្រសួងស្ថាបន័) និងស្អប់ខ្ពើមកងកំលាំងប្រដាប់អាវុធ (ទាហាន+ប៉ូលីស) ជនបរទេស និងជាពិសេស សាសនា (ព្រះសង្ឃនិងបុព្វជិតនានា)។
ក្នុងរយ:ពេលតែ៣ឆ្នាំ៨ខែ២០ថ្ងៃប៉ុណ្ណោះ បានធ្វើឱ្យប្រជាពលរដ្ឋខែ្មរជាង៣លាននាក់ស្លាប់និងសង្គមជាតិទាំងមូលត្រូវបានកំទេចដល់ឫសគល់និងវិនាសព្រាត់ប្រាស់។
ការចាប់ផ្តើមសាបព្រោះដោយមេដឹកនាំម្នាក់ មនុស្សមួយក្រុមតូច នឹងបន្តរាលដាលដល់ហ្វូងមនុស្សដ៏ច្រេីនរហូតមិនអាចគិតស្មានដល់ ប្រសិនជាគ្មានវិធានការមួយសមស្របនិងទាន់ពេលវេលាទេនោះ វាក៏អាចក្លាយជាវិបត្តិសង្គមមួយដ៍ធ្ងន់ធ្ងរ។
ភាពជាក់ស្តែងជាលទ្ធផលនៃទង្វើស្អប់ខ្ពើមឪពុកម្តាយ សង្គមជាតិខ្លួនឯងនេះ វាបានកើតឡើងពិតប្រាកដហើយ ក្នុងសង្គមខ្មែរទាំងអតីតកាលនិងបច្ចុប្បន្ននេះ៕ រូបភាព៖ អគ្គនាយកស៊ីម៉ាក់