ម្តាយបាត់កូនស្រី ៧ខែ ទីបញ្ចប់រកឃើញនៅក្នុងចំការ លោក ខឹម វាសនា តែអនិច្ចាបានត្រឹមស្រក់ទឹកភ្នែករងចាំកូនស្រីផ្លូវចូលទៅចំការអស់រយៈពេល១០ថ្ងៃ
លោកស្រី គង់ ចាន់ថូ បាត់កូនស្រី អស់រយៈពេល៧ខែ ទាំងដាក់ពាក្យបណ្តឹង ទាំងខំស្វែងរកគ្រប់ច្រកល្ហកទីបំផុតកូនស្រីរបស់ លោកស្រី បានមករួមសុខរួមទុកជាមួយ លោក ខឹម វាសនា នៅក្នុងដីចំការមួយកន្លែង។
លោកស្រី គង់ ចាន់ថូ បានទទួលដំណឹង និងឃើញកូនស្រី របស់ លោកស្រី តាមរយៈការឡាយរបស់ លោក ខឹម វាសនា។ ទឹកចិត្តអ្នកម្តាយពេលលឺដំណឹងកូនស្រីខំស្វៈស្វែងធ្វើដំណើរចេញពីផ្ទះមកដីចំការ លោក ខឹម វាសនា អង្គុយរងចាំកូនអស់រយៈពេល១០ថ្ងៃជាងនៅមុខផ្លូវចូលទៅចំការរបស់លោក ខឹម វាសនា។
លោកស្រី គង់ ចាន់ថូ បានបញ្ជាក់ថា កូនស្រីរបស់គាត់ មានអាយុ ១៨ឆ្នាំ ជាសិស្សពូកែមួយរូប ដោយប្រឡងបាក់ឌុបបាននិទ្ទេសB ហើយប្រលងជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ សិក្សាមិនអស់ថ្លៃរហូតដល់ទៅ៤ឆ្នាំ។
លោកស្រី គង់ ចាន់ថូ បានបង្ហាញការសង្ស័យថា មូលហេតុដែលនាំឱ្យកូនស្រីលង់ជឿការសាបព្រោះរបស់លោក ខឹម វាសនា រហូតទៅស្នាក់នៅចម្ការបោះបង់ការសិក្សានេះ បណ្តាលមកពីការអូសទាញរបស់គ្រូម្នាក់ឈ្មោះ អ៊ួ អុល ដែលធ្លាប់រៀនជាមួយ ហើយជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា៕
អ្នកស្រី ចាន់ថូ បានអំពាវនាវរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ ជួយទប់ស្កាត់ការសាបព្រោះ និងការអូសទាញនេះ។ អ្នកស្រី ចាន់ថូ បានអំពាវនាវយ៉ាងដូច្នេះ «សូមរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ដូចរូបខ្ញុំជាម៉ែ និងម៉ែដទៃទៀត ដែលបែកបាក់គ្រួសារដោយសារការបំផុសបំផុល។ មានគ្រូ មានបក្ខពួកគាត់ជាអ្នកអូសទាញ។ មានតែម្រាមដៃ១០សូមឱ្យរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ឱ្យក្រុមគ្រួសារខ្ញុំ ក៏ដូចជាក្រុមគ្រួសារបងប្អូនជាច្រើន ដែលគេបានប្តឹងពីរឿងបាត់កូន បាត់ប្តី»៕