រឿងថៃ ចម្លង អង្គរវត្តរបស់ខ្មែរ តារាចម្រៀង កែវ វាសនា ពោលថា “ខ្ញុំអាណិតប្រទេសខ្ញុំណាស់”
កាលពីពេលថ្មីៗនេះមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីជនជាតិថៃម្នាក់ឈ្មោះថា Worachet Duangmakoed បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីគម្រោងនៃការសាងសង់ប្រាសាទមួយនៅលើទឹកដីខេត្តបូរីរ៉ាមរបស់ប្រទេសថៃ មានលក្ខណៈស្រដៀងគ្នានឹងប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ។ រូបភាពទាំងនោះត្រូវបានបង្ហោះឡើងកាលពីថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយនៅក្នុងនោះរួមមានទាំងប្លង់ និងគំរូសម្រាប់ការសាងសង់ផងដែរ។
ជុំវិញករណីនេះដែរ លោក កែវ វាសនា តារាចម្រៀងល្បីឈ្មោះមួយរូបបានរៀបរាប់នៅលើ Facebook លោកថា “សុំអស់យោបល់ ហើយក៏ធ្វើអីមិនកើត បានត្រឹមផុសនិងស៊ែរ សំខាន់ខ្ញុំអាណិតប្រទេសខ្ញុំណាស់”។ គួរបញ្ជាក់ផងដែរថានៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការទាក់ទងទៅកាន់កុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ អោយធ្វើការស្រាវជ្រាវជុំវិញរឿងនេះផងដែរ៕