សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

 

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានរាយករណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា សាលារៀន សោ ហឺ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៤ ដោយឧកញ៉ាបំរុងរដ្ឋ សោ ហឺ មានឈ្មោះថាសាលាកុមារី សោ ហឺ រហូតដល់ឆ្នាំ១៩៧៩ ត្រូវបានរបបខ្មែរក្រហមយកធ្វើជាឃ្លាំងស្តុកជី និងដាក់ស្បៀងសម្រាប់កងទ័ព ទើបចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៥ បានបើកដំណើរការឡើងវិញ ដោយមានឈ្មោះថា សាលាកម្រិតសិក្សាទី២ ទីរួមខេត្ត។

ឯកឧត្តមបន្តថានៅឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៤ សាលានេះបានប្ដូរឈ្មោះមកជាសាលាមធ្យមសិក្សាកម្រិត១ និងចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន បានប្ដូរឈ្មោះជាអនុវិទ្យាល័យ សោ ហឺ រហូតដល់ឆ្នាំ២០០៥ សាលានេះក៏បានទទួលអំណោយអគារសិក្សាពីសម្ដេចក្រឡាហោម និងលោកជំទាវ ដែលមកដល់ពេលនេះមានអគារសិក្សា ៣ខ្នង ស្មើ២៩បន្ទប់ មានបគ្គលិកសិក្សា៧១នាក់ និងសិស្សានុសិស្ស១១៦៥នាក់។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា អគារសិក្សាថ្មីដែលប្រារព្ធពិធីបញ្ចុះបឋមសិលានាឱកាសនេះ ត្រូវដំណើរការសាងសង់រយៈពេល១២ខែ គិតចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដោយមានបំពាក់តុ កៅអី ភ្លើងអគ្គិសនី និងទឹកស្អាត ប្រើប្រាស់បច្ចេកទេសសាងសង់ដំបូងគេក្នុងខេត្តបាត់ដំបង គឺប្លង់សេខ្សែកាប ធ្វើឱ្យកាន់តែរឹងមាំ ធន់ និងចំណេញពេលវេលា និងអាចចាត់ទុកបានថា ជាអគារសិក្សាបំដូងគេនៅកម្ពុជា ដែលប្រើបច្ចេកទេសនេះ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យអប់រំ និងសិក្សាធិការ ពិតជាមានសារៈសំខាន់ជាគន្លឹះដើម្បីផលិតធនធានមនុស្សផ្ដល់ទៅគ្រប់វិស័យក្នុងសង្គមជាតិ។ សម្ដេចបន្តថា គ្រប់ផ្នែកទាំងអស់នៃសង្គម មិនបានមើលបំណាំគ្នាអភិវឌ្ឍវិស័យអប់រំឡើយ ក្នុងនោះថ្នាក់ដឹកនាំ និងក្រុមការរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងសប្បុរសជននានា សុទ្ធតែបានផ្ដល់ការគាំទ្រយ៉ាងច្រើន ពិសេសការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចថ្ងៃនេះស្រាប់។

សម្ដេចក៏បានរម្លឹកជូនអង្គពិធីអំពីការខិតខំរួមចំណែករបស់សម្ដេចផ្ទាល់ ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍវិស័យជាច្រើន ក្នុងនោះរួមទាំងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តបាត់ដំបង ដោយសម្ដេចបន្តថា កាលពីថ្ងៃម្សិលមិញ សម្ដេចទើបតែបានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាវិទ្យាល័យ មុនីវង្ស មុនពេលមកបញ្ចុះបឋមសិលាសាងសង់អគារសិក្សានៅអនុវិទ្យាល័យ សោ ហឺ នេះ ខណៈមានសមិទ្ធផលជាច្រើនទៀតនឹងត្រូវសម្ពោធជាបន្តបន្ទាប់។

សម្ដេចក៏បានថ្លែងអំណរគុណក្រុមការងារទាំងអស់ រួមទាំងសប្បុរសជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណបក្ស ក្នុងនោះក៏ជាមួយសម្ដេចផ្ទាល់ក្នុងឋានៈជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ រួមទាំងវិស័យផ្សេងទៀតក្នុងខេត្តបាត់ដំបង។ សម្ដេចបន្តថា រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា មានរបៀបរបបធ្វើការផ្សារភ្ជាប់គោលនយោបាយទៅនឹងជីវភាពប្រជាពលរដ្ឋ ពោលគឺគោលនយោបាយ និងកម្មវិធីនយោបាយត្រូវធ្វើឡើងតាមសេចក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋ។

សម្ដេចបានបន្តថា កម្ពុជាមានពិសោធសម័យដឹកនាំមុនៗមកហើយ ពិសសរបបប្រល័យពូជសាសន៍ ដែលបានដាក់ចេញគោលការណ៍ មាគ៌ានយោបាយខុសពីសេចក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋ មិនគិតពីសុខទុក្ខប្រជាពលរដ្ឋ ផ្ទុយឆន្ទៈ និងបំណងប្រាថ្នាប្រជាពលរដ្ឋ រហូតទីបំផុតដឹកនាំបាន ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក៏រលំរលាយ ទោះបីជាពេលនោះរបបអាវខ្មៅមួយនេះខ្លាំងក្លាកម្រិតណាក៏ដោយ។ សម្ដេចបានបន្ថែមថា ព្រោះហេតុដូច្នេះហើយទើបការដឹកនាំ ការដាក់ចេញគោលការណ៍ មាគ៌ានយោបាយនានា ចាំបាច់ណាស់ត្រូវតម្រូវទៅតាមសេក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋជាចាំបាច់។

ពាក់ព័ន្ធនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការកត់សម្គាល់ថា «ប្រជាពលដ្ឋយើង ខ្ញុំដើរច្រើនកន្លែងហើយ ហើយទទួលសំណូមពរ សំណើក៏ច្រើនដែរ។ គាត់អត់ដែលសុំលុយទិញឡាន ទិញម៉ូតូ ទិញរទេះគោ រទេះក្របី ដើម្បីបម្រើក្រុមគ្រួសារផ្ទាល់របស់គាត់ទេ។ គាត់មានតែសុំសាលារៀន សុំវត្ត សុំផ្លូវ សុំអ្វីៗដែលបម្រើផលប្រយោជន៍សាធារណៈ» ។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សំណើរទាំងនេះ គឺជាការឆ្លុះបញ្ចាំងច្បាស់ថា ពលរដ្ឋចង់ឱ្យសហគមន៍ពួកគាត់មានការរីកចម្រើន។
ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងកោតសរសើរជាថ្មីទៀតចំពោះការចូលរួមរបស់ប្រជាពលរដ្ឋធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

ជាមួយគ្នានេះ សម្ដេច បានបង្ហាញមោទនភាពចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលផ្ដល់ទំនុកចិត្តលើរាជរដ្ឋាភិបាល លើគណបក្ស និងលើរូបសម្ដេច ព្រមទាំងក្រុមការងារ ដើម្បីស្នើសុំឱ្យជួយសាងសង់សាលារៀន ដ្បិត សម្ដេច អះអាងថា បើគ្មានការជឿជាក់ និងការឱ្យតម្លៃទេនោះ សំណើរនេះនឹងមិនអាចកើតឡើងឡើយ ៕