មិនរួចខ្លួនទេ! លោក សៅ សុខា សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ឱ្យ​ចុះ​ស្រាវជ្រាវ​ ស៊ើបអង្កេត ករណី ក្រុមគ្រួសារ សព និង អ្នកភូមិ ទាមទាររកយុត្តិធម៌ ឱ្យសពលោក សួង ឌ័ន បន្ទាប់​ពី​ក្រុម​ប៉េអិម បាន​ចុះ​ទៅបង្រ្កាប ល្បែង ឡូតូ មាន់ជល់អនឡាញ ស្ថិតនៅក្នុងភូមិរូង ឃុំក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ

 

ខេត្តកំពង់ធំ៖ រឿងកាន់តែអូសបន្លាយ ឆ្ងាយទៅៗ ករណី ចុះបង្រ្កាបទីតាំងមាន់ជល់អនឡាញ ដែលបណ្តាលឱ្យឈ្មោះ សួង ឌ័ន បាន​ស្លាប់​ បន្ទាប់​ពី​ក្រុម​ប៉េអិម បាន​ចុះ​ទៅ​ឃាត់​ខ្លួន​គាត់ ហើយ​បាន​សង្កត់​ក​គាត់​រហូត​ដក​ដង្ហើម​មិន​ចេញ។

សូមបញ្ជាក់ថា លោក សួង ឌ័ន មានតួនាទីជា អនុប្រធាន​ភូមិ​រូង បាន​ស្លាប់​ក្នុង​ពេល​កម្លាំង​កងរាជអាវុធហត្ថ ចុះ​ទៅ​ឃាត់​ខ្លួន​លោក និង​អ្នក​កំពុង​លេង​ល្បែង ឡូតូ មាន់ជល់អនឡាញ កាលពីថ្ងៃទី៧ សីហា ស្ថិតនៅក្នុងភូមិរូង ឃុំក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ការស្លាប់ របស់ លោក សួង ឌ័ន ធ្វើឱ្យក្រុមគ្រួសារសព និងអ្នក​ភូមិ មិនទទួល​យក​លទ្ធផល​កោសលវិច័យ​របស់​កម្លាំង​សមត្ថកិច្ច ដែល​ថា លោក សួង ឌ័ន បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ។

ចំណែកឯ លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រាប់​មកទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកថា÷ លោក​បាន​បញ្ជា​ឱ្យ​ផ្អាក​ការងារ មន្ត្រី​ពាក់ព័ន្ធ​ដែល​ចុះ​ទៅ​ឃាត់​ខ្លួន​ជន​រងគ្រោះ​ស្ថិត​នៅ​ក្នុង​បន្ទាយ​រួច​ហើយ ដើម្បី​រង់ចាំ​ការ​ស៊ើប​អង្កេត។ លោក សៅ សុខា ក៏សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ឱ្យ​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់​ដែរ ដោយ លោក សុំ​ឱ្យ​មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ធំ​ យក​ចិត្ត​ទុក​ដាក់​ធ្វើ​កិច្ច​ការងារ​នេះ ជាមួយ​ក្រុម​ការងារ ដែល​ចុះ​ទៅ​ ដោយ​ម៉ឺងម៉ាត់​បំផុត គឺ​មិន​អាច​អត់​ឱន​ឱ្យ​បាន​ទេ សាធារណៈ​មតិ​គេ​ប្រកាស គេ​ផ្សាយ​ពេញ​មួយ​ពិភពលោក ៕