អាជ្ញាធរសហរដ្ឋអាមេរិកប្រគល់ចម្លាក់បូរាណចំនួន៣០ឱ្យកម្ពុជាវិញ បន្ទាប់ពីដោះស្រាយបញ្ចប់បណ្ដឹង។
មេធាវីរដ្ឋាភិបាលអាមេរិក លោក ដេមៀន វីល្លាមស៍ (Damian Williams) ថ្លែងនៅក្នុងពិធីប្រគល់ចម្លាក់បូរាណនៅទីក្រុងញូវយ៉ក (New York) កាលពីថ្ងៃទី៨ ខែសីហាថា វត្ថុបុរាណទាំង៣០នឹងបានវិលត្រឡប់ទៅប្រទេសដើមវិញ គឺត្រឡប់ទៅទីកន្លែង ដែលវត្ថុសិល្បៈទាំងនោះត្រូវគេលួចនាំចេញមកលក់នៅក្រៅប្រទេស។ វត្ថុបុរាណទាំងនោះ រួមមាន រូបបដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរ ដូចជា បដិមាព្រះពុទ្ធប្រក់នាគធ្វើពីសំរឹទ្ធ បដិមាព្រះនាងលក្ស្មី ធ្វើពីសំរឹទ្ធ ព្រះនារាយណ៍ ឬវិស្ណុ អំពីថ្មភក់ រូបព្រះឥសូរ និង ព្រះគណេស រួមនឹងបដិមាអាទិទេពស្កន្ទ ដែលជិះលើសត្វក្ងោក ជាចម្លាក់ល្បីឈ្មោះ ដែលក្រុមជួញដូរវត្ថុបូរាណតែងចង់បានផងដែរ៕ ប្រភព RFA Khmer