សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា បានឈ្នះមេដាយមាស លើកដំបូង សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដោយក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា ដែលទើបយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតដែរថា ទម្រាំដណ្ដើមបានមេដាយមាសជូនជាតិ ក្រុមកីឡាការិនីកម្ពុជា បានឆ្លងកាត់ ៤ប្រកួត និងបានយកឈ្នះគូប្រកួតទាំង ៤ប្រកួត ពោលគឺវគ្គសន្សំពិន្ទុវិលជុំ បានយកឈ្នះក្រុមឡាវ ១១-៥ពិន្ទុ, ឈ្នះក្រុមថៃ ៩-៨ពិន្ទុ និងឈ្នះក្រុមហ្វីលីពីន ១៨-០ពិន្ទុ មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្ពុជា បានបន្តយកឈ្នះក្រុមថៃ ៧-៥ពិន្ទុ៕