ព្រះរាជាណាចក្រកម្ពុជា តាមបណ្តារាជធានីខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងមាន ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ លើផ្នែកសមុទ្រមានភ្លៀងខ្យល់ខ្លាំងដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះ និងរលកសមុទ្រខ្ពស់ៗ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ១៣ – ១៤ ខែកក្កដា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីប្រពន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង នឹងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង ។
ចាប់ពីថ្ងៃទី១៥ – ១៩ ខែកក្កដា ឆ្នាំ២០២២ ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ដោយមានបាតុភូតបែបនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមបណ្តារាជធានីខេត្តមួយចំនួន ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២២ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ និងនៅលើផ្នែកសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ និងនៅថ្ងៃ១៥-១៩ ខែកក្កដា ឆ្នាំ២០២២ អាចមានភ្លៀងពីតិចទៅមធ្យម ៕