ភ្នំពេញ៖ មនុស្ស ១៧នាក់ ត្រូវបានឃាត់ខ្លួន ដោយសង្ស័យថាពាក់ព័ន្ធករណីគ្រឿងញៀន វេលាម៉ោងប្រមាណ១៦:០០នាទី នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចវិហារឯករង្សី ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បេសកម្មចុះបង្រ្កាបមាន កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរង បានចុះធ្វេីរដ្ឋបាលនៅចំណុចវិហារឯករង្សី ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សចំនួន១៧នាក់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន៕
ក្រោយពីធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលមនុស្សចំនួន១១នាក់ រកឃើញមានសារធាតុញៀន និងមនុស្សចំនួន០៦នាក់ មិនមានសារធាតុញៀន ហើយត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕