ថ្ងៃពុធ ១ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ ទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ត្រូវតែខិតខំរិះរកគ្រប់មធ្យោបាយ ក្នុងការសហការដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយដែលបានកើតឡើង ដើម្បីជំរុញការផ្តល់អត្ថប្រយោជន៍របបសន្ដិសុខសង្គមជូនដល់សមាជិករបស់ខ្លួនឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ បើទោះបីកន្លងមកថ្នាក់ដឹកនាំមន្ត្រី បុគ្គលិកទាំងអស់បានបំពេញកិច្ចការងារ ក្នុងការបម្រើសេវាជូនសមាជិក ប.ស.ស. បានល្អប្រសើរគួរឲ្យកត់សំគាល់យ៉ាងណាក៏ដោយ។
ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ បច្ចុប្បន្នជាមួយគ្នានិងស្ថានភាពកូវីដនៅកម្ពុជាកំពុងមានលក្ខណៈកាន់តែល្អប្រសើរហើយនោះ តែយ៉ាងណាយើងក៏មិនភ្លេចការរក្សាសុខភាពដោយខ្លួនឯង តាមវិធានសុខាភិបាលផងដែរ ។ ក្នុងន័យនេះថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យទៅលើសហគ្រាសខ្នាតតូច និងជំរុញឱ្យមកចុះបញ្ជីក្នុង ប.ស.ស. ឱ្យបានគ្រប់គ្នា ដើម្បីការពារអត្ថប្រយោជន៍ និងសិទ្ធិទទួលបានការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលប្រកបដោយភាពច្បាស់លាស់ របស់បងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. ជាពិសេសកម្មករនិយោជិតជាស្ដ្រីមានផ្ទៃពោះ៕