សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ឃុំខ្លួន ឧកញ៉ា សង ថន និងលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង ក្នុងម្នាក់ៗ ជាប់ពន្ធនាគារចំនួន ៧ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ (២៥,០០០ដុល្លាអាមេរិក) «ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង, បទផ្តើមគំនិតក្នុងបទបំផ្លិចបំផ្លាញដោយចេតនា, បទគៃបំបាត់ដោយទុច្ចរិត និងបទសូកប៉ាន់» នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។
តុលាការរាជធានីភ្នំពេញនៅថ្ងៃអង្គារនេះ បានសម្រេចចោទប្រកាន់ឧកញ៉ាម្នាក់ឈ្មោះ សង ថន ដែលកាន់កាប់ដីជាង ៥ពាន់ហិកតា នៅស្រុកគាស់ក្រឡ និងអភិបាលរងខេត្តបាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់ ហើយសម្រេចបញ្ជូនពួកគេទៅឃុំខ្លួនបណ្តោះអាសន្ន។
ពួកគេទាំងពីរនាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនមកសាកសួរ កាលពីសប្តាហ៍មុន ហើយអង្គភាពនេះកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញលោក គុជ គឹមឡុង មានប្រសាសន៍ថា ព្រះរាជអាជ្ញារងលោក សឿន មុនីរ័ត្ន បានសម្រេចចោទប្រកាន់លោក សង ថន ពីបទ «ផ្តើមគំនិតក្នុងបទបំផ្លាញដោយចេតនានិងគៃបំបាត់ដោយទុច្ចរិត» និង «បទសូកប៉ាន់»។
លោកបន្ថែមថា ព្រះរាជអាជ្ញាក៏បានចោទប្រកាន់ដូចគ្នាចំពោះលោក ស៊ូ អារ៉ាហ្វាត់ ពី«បទបំផ្លាញដោយចេតនា និងគៃបំបាត់ទុច្ចរិត» និង «បទស៊ីសំណូក»។ លោកថា ចៅក្រមស៊ើបសួរលោក អឹម វណ្ណៈ ក៏បានសម្រេចឃុំខ្លួនពួកគេទាំងពីរនាក់។
លោកមានប្រសាសន៍ថា៖ «ក្រោយពីបានសាកសួរតាមនីតិវិធីរួចមក ចៅក្រមស៊ើបសួរលោក អឹម វណ្ណៈ បានសម្រេចឃុំខ្លួនជនជាប់ចោទទាំងពីរជាបណ្តោះអាសន្ន តាមនីតិវិធី»។
បើតាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ «បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ទៅ១០ឆ្នាំ។ ចំណែកមាត្រា ៦០៥ បទសូកប៉ាន់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ទៅ១០ឆ្នាំ ដូចគ្នា។ ចំណែកមាត្រា ៥៩៥ «បទស៊ីសំណូក» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ទៅ១៥ឆ្នាំ អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋទទួលអាណត្តិសាធារណៈ។
សម្តីរបស់លោក សង ថន ថា អភិបាលរងខេត្តបាត់ដំបងនោះបានយកប្រាក់របស់លោកចំនួន ២៥០០០ដុល្លារ ដោយសន្យាថា យកទៅរត់ការធ្វើប្លង់ដីឲ្យលោក។