សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋាន សាងសង់ស្ពានអាកាសថ្មីលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សី គ្រោងចំណាយថវិកាជិត ១០លានដុល្លារអាមេរិក

 

នៅព្រឹក ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ។

ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា ។

ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក ។

គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ដោយប្រើរយៈពេលប្រមាណ ១៥ខែ ៕