ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla កំពុងហៅត្រឡប់មកវិញនូវរថយន្តជាង ៤៧០,០០០ គ្រឿង បន្ទាប់ពីរកឃើញបញ្ហាមួយចំនួន ដែលអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកបើកបរ។ វាជាការប្រមូលមកវិញដ៏ធំបំផុតដែលមិនធ្លាប់មានសម្រាប់ក្រុមហ៊ុន និងស្មើនឹងទំហំការលក់នៅទូទាំងពិភពលោកឆ្នាំ២០២០ របស់ក្រុមហ៊ុនផលិតរថយន្តនេះ។ ក្រុមហ៊ុន Tesla បានដាក់ការប្រមូលរថយន្តមកវិញនៅថ្ងៃព្រហស្បតិ៍ ជាមួយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (National Highway Traffic Safety) ដែលជានិយតករសុវត្ថិភាពផ្លូវថ្នល់របស់សហរដ្ឋអាមេរិក។
ការប្រមូលមកវិញនេះ នឹងគ្របដណ្តប់លើរថយន្ត Model S ដែលផលិតនៅចន្លោះខែកញ្ញា ឆ្នាំ២០១៤ ដល់ ខែធ្នូ ឆ្នាំ២០២០ និងរថយន្ត Model 3 ដែលផលិតពីខែកក្កដា ឆ្នាំ២០១៧ ដល់ ខែកញ្ញា ឆ្នាំ២០២០។ និយតករនិយាយថា សោរឃ្លុបនៅលើ Model S មានភាពរលុង អាចបណ្តាលឱ្យផ្នែកខាងមុខបើកដោយគ្មានការព្រមាន និងរារាំងការមើលឃើញរបស់អ្នកបើកបរ។ ជាមួយគ្នានេះដែរ ការប្រើឃ្លុបខាងមុខម្តងហើយម្តងទៀតនៅក្នុង Model 3 អាចធ្វើឱ្យខូចខ្សែដែលបញ្ជូនរូបភាព ពីកាមេរ៉ានៅខាងក្រោយរថយន្តទៅអេក្រង់សម្រាប់អ្នកបើកបរ។
ទោះបីជាមិនទាន់មានរបាយការណ៍គ្រោះថ្នាក់ទាក់ទងនឹងបញ្ហាខាងលើ ក៏អាជ្ញាធរសុវត្ថិភាពកំពុងស៊ើបអង្កេតរបាយការណ៍នៃគ្រោះថ្នាក់ជាបន្តបន្ទាប់ទៀត ដែលបណ្តាលមកពីការមិនដំណើរការនៃប្រព័ន្ធជំនួយអ្នកបើកបររបស់ក្រុមហ៊ុន Tesla ។ បច្ចេកវិជ្ជានេះផងដែរ គឺកែតម្រូវល្បឿន និងការបើកបរស្របតាមស្ថានភាពចរាចរណ៍៕