រដ្ឋាភិបាលជប៉ុនបានប្រកាសថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដែលទំនងជាមីស៊ីលផ្លោង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ ឥឡូវនេះឆ្មាំសមុទ្រជប៉ុន កំពុងអំពាវនាវឱ្យនាវាធ្វើដំណើរត្រូវរក្សាការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានថ្មីៗ។ វាក៏បានប្រកាសដែរថា គ្រាប់មីស៊ីលផ្លោងនោះ ប្រហែលជាបានធ្លាក់ចុះមកវិញហើយ។
រដ្ឋាភិបាលជប៉ុនបានកោះប្រជុំបន្ទាន់មួយជាមួយក្រុមឆ្លើយតបរបស់ខ្លួន ហើយពួកគេនឹងបន្តវិភាគព័ត៌មាន និងតាមដានស្ថានភាពបន្ដទៀត។ គួរឱ្យដឹងដែរថា ការបាញ់បង្ហោះនេះ គឺជាសកម្មភាពលើកដំបូងក្នុងឆ្នាំ២០២២ សម្រាប់ប្រទេសកូរ៉េខាងជើង ក៏ដូចជាការប្តេជ្ញាឆ្នាំថ្មីរបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការពង្រឹងកម្លាំងយោធា ដើម្បីទប់ទល់នឹងស្ថានការណ៍អន្តរជាតិដែលមិនស្ថិតស្ថេរ៕