សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់សហរដ្ឋអាមេរិកថា តើអាមេរិកចាត់ទុកករណីគប់ស្បែកជើងលើសម្តេចនៅរដ្ឋធានីវ៉ាស៊ីនតោន ជាករណីហិង្សា ឬសិទ្ធិបញ្ចេញមតិ សូមឱ្យសហរដ្ឋអាមេរិកគិតគូរឱ្យបានច្បាស់ បើចាត់ទុកសកម្មភាពហិង្សាតាមរបៀបវ៉ៃប្រហារ ដោយស្បែកជើង បែរជាត្រូវបានចាត់ទុកថាជា សិទ្ធិបញ្ចេញមតិនោះ នៅលើពិភពលោកនេះ នឹងគ្មានច្បាប់ទម្លាប់ទៀតទេ ហើយនៅកម្ពុជាក៏គ្មានច្បាប់ទម្លាប់ដែរ

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទសួរទៅកាន់សហរដ្ឋអាមេរិកថា តើអាមេរិកចាត់ទុកករណីគប់ស្បែកជើងលើសម្តេចនៅរដ្ឋធានីវ៉ាស៊ីនតោន ជាករណីហិង្សា ឬសិទ្ធិបញ្ចេញមតិ។ ជាមួយនឹងការចោទសួរនេះ សម្តេចក៏បានរម្លឹកប្រាប់សហរដ្ឋអាមេរិកវិញថា ប្រសិនបើប្រទេសបិតាប្រជាធិបតេយ្យមួយនេះចាត់ទុកថា ករណីគប់ស្បែកជើងនោះជា 《សិទ្ធិបញ្ចេញមតិ》 នោះអាចនឹងធ្វើឱ្យករណីបែបនេះ កើតឡើងនៅក្នុងប្រទេសនានា រាប់ទាំងប្រទេសកម្ពុជាដូចគ្នា។

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «រឿងនេះមិនមែនជារឿងតូចតាចទេ សូមឱ្យសហរដ្ឋអាមេរិកគិតគូរឱ្យបានច្បាស់ បើចាត់ទុកសកម្មភាពហិង្សាតាមរបៀបវ៉ៃប្រហារ ដោយស្បែកជើង បែរជាត្រូវបានចាត់ទុកថាជា សិទ្ធិបញ្ចេញមតិនោះ នៅលើពិភពលោកនេះ នឹងគ្មានច្បាប់ទម្លាប់ទៀតទេ ហើយនៅកម្ពុជាក៏គ្មានច្បាប់ទម្លាប់ដែរ»។

កាលពីយប់ថ្ងៃទី១១ ឧសភា នៅមុនពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ក៏កើតមានហេតុការគប់ស្បែកជើងលើសម្តេចតេជោ ហ៊ុន សែន តែមិនត្រូវសម្តេច ស្បែកជើងបានហោះប៉ះទូរស័ព្ទអ្នកគាំទ្រ ដែលកំពុងសែលហ្វីជាមួយសម្តេចបង្កឡើងដោយពលរដ្ឋខ្មែរអាមេរិកម្នាក់ ឈ្មោះ អ៊ុក ទូច ស្របពេលសម្តេចកំពុងសំណេះសំណាល និងថតរូប ជាមួយប្រជាពលរដ្ឋ ជាង២ពាន់នាក់ដែលរសនៅអាមេរិកកាំង និងអញ្ជើញមកពីប្រទេសកាណាដា៕

ចំពោះករណីហិង្សានេះ សម្តេចបានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សម្តេចមិនឱ្យក្រសួងការបរទេស និងស្ថានទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិក ធ្វើកំណត់ទូតដើម្បីឱ្យសហរដ្ឋអាមេរិក ចាត់វិធានការចំពោះជននេះទេ ប៉ុន្តែវិធានការបែបណា គឺអាស្រ័យទៅលើច្បាប់សហរដ្ឋអាមេរិកខ្លួនឯង។

សម្តេចតេជោ បានមានប្រសាសន៍ថា ÷ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកទង្វើនេះជាសិទ្ធិបញ្ចេញមតិ ប្រហែលជាវាកើតឡើងនៅគ្រប់ប្រទេសទាំងអស់រាប់ទាំងកម្ពុជា អញ្ចឹងក្រុមអ្នកប្រឆាំង ហ៊ុន សែន ទាំងប៉ុន្មាន ត្រៀមក្បាលនឹងស្បែកជើង និងអ្នកគាំទ្ររបស់សម្តេច បានដឹងថា នរណានៅទីក្រុងភ្នំពេញដែលជាបក្ខពួកជាមួយនឹងអ្នកគប់ស្បែកជើងនោះ ដែលនេះមិនមែនជាការគំរាមទេ ប៉ុន្តែតែជាការវិភាគជូនអំពីទិដ្ឋភាពច្បាប់តភ្ជាប់នឹងនយោបាយ។

សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍បន្តទៀតដែរថា អ្នកគាំទ្រសម្ដេចប្រហែលជាបានកត់ទុកនូវបញ្ជីឈ្មោះអ្នកដែលបានចាត់ទុកជនដែលបានគប់ស្បែកជើងមកលើសម្ដេច នៅសហរដ្ឋអាមេរិក «ជាវីរបុរស» បើនៅអាមេរិកធ្វើបាន នៅស្រុកខ្មែរក៏ធ្វើបានដែរ ដែលនេះជាការឡងមួយខ្ពស់ ហើយមានហានិភ័យខ្ពស់ណាស់ ខ្ញុំសំណូមពរឲ្យបងប្អូនយើងអត់ធ្មត់ ប៉ុន្តែក្រែងលយើងគ្រប់គ្រងគេអត់បាន ព្រោះកំហឹងឈឺចាប់របស់គេវាធំធេងពេក»។

សម្ដេចតេជោ ហ៊ុន សែន ÷ ការរក្សាភាពស្ងៀមស្ងាត់មួយរយៈកន្លងមកនេះ ចំពោះបញ្ហាគប់ស្បែកជើងនេះ ក៏ព្រោះតែសម្ដេចរង់ចាំមើលថា តើនរណាខ្លះបានលើកជននេះជាវីរបុរស ហើយថាតើក្រុមនេះជាក្រុមណាឲ្យពិតប្រាកដ សម្តេច ចង់ដឹងផងដែរថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលតែងជំទាស់នឹងហិង្សា តើគេធ្វើសេចក្តីថ្លែងការណ៍បែបណា? ប៉ុន្តែពេលនេះ ពួកគេនៅស្ងាត់ជ្រងំ។

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា អង្គការក្រៅរដ្ឋាភិបាលទាំងនោះ ដែលជួនកាលពួកគេអាចចោទមកលើរាជរដ្ឋាភិបាលកម្ពុជាវិញថា កំពុងបំផុសហិង្សាទាំងសម្ដេចកំពុងបកស្រាយអំពីទិដ្ឋភាពច្បាប់ផ្សាភ្ជាប់នឹងនយោបាយ។

អ្វីដែលពិសេសទៅទៀត សម្ដេចមិនបានស្នើឲ្យអាមេរិកចាត់វិធានការ តែបើសហរដ្ឋអាមេរិកដាក់ទោសទៅលើជននេះ ក្រោមបទប៉ុនប៉ងប្រព្រឹត្តអំពើហិង្សានោះ ជននេះអាចនឹងត្រូវបណ្តេញមកកម្ពុជា បន្ទាប់ពីជាប់ទោសហើយ ដូចទៅនឹងពលរដ្ឋខ្មែរដទៃទៀតដែរ ហើយពេលនោះជននេះអាចនឹងមានគ្រោះថ្នាក់ប្រសិនបើមកដល់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន មិនជឿថាសហរដ្ឋអាមេរិកមិនចាត់វិធានការនោះទេ ដែលសម្ដេចសន្និដ្ឋានថាប្រទេសនេះអាចកំពុងធ្វើការស៊ើបអង្កេតលើករណីនេះហើយ ប៉ុន្តែសម្តេចគ្រាន់តែពន្យល់ទៅសាធារណជន និងរំលឹកដល់រដ្ឋការសហរដ្ឋអាមេរិកថា សម្ដេចមិនទាមទារឱ្យដាក់ទោសទេ ប៉ុន្តែច្បាប់របស់អាមេរិកត្រូវធ្វើយ៉ាងម៉េច ជារឿងរបស់អាមេរិក។

សម្ដេចតេជោ ហ៊ុន សែន ការគប់ស្បែកជើងទៅលើអតីតប្រធានាធិបតីអាមេរិក George W. Bush កាលពីឆ្នាំ២០០៨ ដែលទោះបីជាប្រធានាធិបតីអាមេរិករូបនេះប្រាប់កុំឲ្យមានការដាក់ទោសទៅលើអ្នកគប់ស្បែកជើងនោះក៏ដោយ ក៏អ៉ីរ៉ាក់បានអនុវត្តតាមច្បាប់ដាក់ទោសជននោះឲ្យជាប់ពន្ធនាគារចំនួន ៣ឆ្នាំ ដោយទម្លាក់មកនៅ១ឆ្នាំ ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនឹងជ្រើសរើសវិធីរបស់ លោកប្រធានាធិបតី George W. Bush។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកករណីគប់ស្បែកជើងទៅលើមនុស្ស ជាសិទ្ធិបញ្ចេញមតិ នោះសូមកុំបន្ទោសកម្ពុជា ប្រសិនបើមានករណីស្រដៀងគ្នា។ សម្ដេចក៏បានស្នើឲ្យអង្គការក្រៅរដ្ឋាភិបាលមួយចំនួនមានការប្រយ័ត្នប្រយែងក្នុងការធ្វើអត្ថាធិប្បាយខុស ព្រោះថា នៅក្នុងប្រទេសកម្ពុជាកំពុងខឹងសម្បារយ៉ាងខ្លាំង ត្រៀមតែផ្ទុះនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថែមទៀត អំពីករណីព្យាយាមធ្វើឃាតមកលើសម្ដេច នៅខេត្តសៀមរាប កាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៨ ដែលពេលនោះមានគ្រាប់បេ ៤ គ្រាប់ បានបាញ់មកលើក្បួនរថយន្តរបស់សម្តេច តែ៣គ្រាប់ពុំផ្ទុះនោះទេផ្ទុះតែមួយគ្រាប់ ហើយខុសឡានទៅទៀត។សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្លងកាត់បទពិសោធន៍ ករណីគប់ស្បែកជើងនេះ ពុំបានធ្វើឱ្យសម្ដេចមានការភ័យខ្លាចនោះទេ ក៏ប៉ុន្តែអ្វីដែលសម្ដេចបារម្ភនោះ គឺប្រតិកម្មអ្នកគាំទ្រទៅមេដឹកនាំប្រឆាំងទៅវិញទេ។ សម្តេចលើកឡើងថា «បើនៅនោះចាត់ទុកជា សិទ្ធិបញ្ចេញមតិ នោះនៅកម្ពុជាក៏អាចក្បាលមេដឹកនាំក្រុមប្រឆាំងបានដែរ»។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកគាំទ្រសម្ដេចទាំងក្នុង និងក្រៅប្រទេស រក្សាភាពស្ងប់ស្ងាត់ ដោយរង់ចាំមើលវិធានការរបស់សហរដ្ឋអាមេរិក៕