ភ្នំពេញ ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ តុលាការ ប្រកាសសាលដីកាលើបណ្តឹងសារទុករបស់ជនជាប់ចោទអតីតផ្កាយពីរនគរបាលជាតិ ឈ្មោះ អ៊ុង ចាន់ធួក និងគូកន ២នាក់ សម្រេចរក្សាតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោមទុកជាបានការដដែល ។
គួររម្លឹកឡើងវិញដែរថា ÷ កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមានដូចខាងក្រោម ÷
១. ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២. ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣. ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែកមនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់៕