ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ និងរងរបួសធ្ងន់ចំនួន ០១នាក់ ស្ថិតក្នុង ភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង  ខេត្តកណ្តាល

🏠អធិការដ្ឋាននគរបាលស្រុកស្អាង
សូមគោរពរាយការណ៍ជូនមេជ្រាប
កម្មវត្ថុ​: ស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ប្រុស និងរងរបួសធ្ងន់ មនុស្សចំនួន ០១នាក់ស្រី ។( អ្នកបើកបររថយន្តរត់គេចខ្លួន)
+ខូចខាត​ម៉ូតូចំនួន ០១គ្រឿង ធ្ងន់ (ឆេះអស់) និងរថយន្តចំនួន ០១គ្រឿងធ្ងន់។
កើតហេតុនៅថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរោង ឆស័ក​ ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៤០នាទី។ នៅលើកំណាត់ផ្លូវលេខ២១ ស្ថិតក្នុង ភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
សភាពនៃរឿងហេតុ
មុនពេលកើតហេតុ​ មានរថយន្តមួយគ្រឿង ម៉ាកស្តារិច (Starex ) ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-8623 បើកបរដោយឈ្មោះ សេន សល់ ភេទប្រុស អាយុ៥០ ឆ្នាំ មុខរបរ លក់ដូរ (រត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់)និងរួមដំណើរដោយឈ្មោះ ហ៊ី មួយលី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធ អ្នកទាំងពីរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ បានបើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-កោះធំ) ពេលបើកបរដល់ចំណុចភូមិឃុំកើតហេតុ រថយន្តខាងលើបានជាប់ចង្កូត ចង្កូតរឹងទាញមិនមកហើយ ក៏បុកម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រីមC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JK-3404 ដែលបើកបរក្នុងទិសដៅបញ្ជ្រាសគ្នា ពីត្បូងទៅជើង (កោះធំ-តាខ្មៅ)បើកបរដោយឈ្មោះ តាក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កសិករ និងរួមដំណើរដោយឈ្មោះក្រេប ថារី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកសិករ ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូ អ្នកទាំងពីរមានទីលំនៅភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ ករណីខាងលើនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ រីឯអ្នករួមដំណើររងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍បានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
ចំណែកអ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ។
ចំណែកសាកសពត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ការសន្និដ្ឋានបឋម
-ករណីនេះបណ្ដាលមកពី​
រថយន្ត បើកបររថយន្តជាប់ចង្កូតរេទៅបុកម៉ូតូទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
អរគុណ គោរពលាមេ។

CATEGORIES
Share This