សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥ ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងជំនាន់ទី១៩ ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២១ និងថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈជំនាន់ទី៣៧ ដល់និស្សិត និងសិស្សថ្នាក់វិជ្ជាជីវៈសរុបចំនួន ១.១៥៧ អង្គ/នាក់ នៃសាកលវិទ្យាល័យធនធានមនុស្ស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្រ្តី សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្មក្នុងការចូលរួមចំណែកកសាងធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិត ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួនស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជានិច្ចកាលបានផ្ដល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យ៉ាងច្បាស់ថាធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាពរបស់ប្រទេសជាតិ ព្រោះថាធនធានមនុស្សអាចជួយឱ្យប្រទេសជាតិមានភាពរស់រវើក មានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងសាកលលោក អាចចាប់យកបាននូវឱកាស និងបន្ថយនូវគម្លាតនានា ជាពិសេសគម្លាតខួក្បាលនិងជួយឱ្យមានឯករាជ្យភាពក្នុងការវិវត្តរីកចម្រើនដោយខ្លួនឯង ។