សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវក្តីរីករាយទទួលជួបលោកជំទាវឯកអគ្គរដ្ឋទូត ឯកអគ្គរដ្ឋឥណ្ឌាប្រចាំកម្ពុជា និងសហការី មុនពេលដែលលោកជំទាវចាកចេញពីកម្ពុជា។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ និងជោគជ័យនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅឥណ្ឌា ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតកម្ពុជា-ឥណ្ឌា។

នាឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរអរគុណចំពោះ សម្តេចតេជោ ដែលទទួលជួប លោកជំទាវ និងសហការី ទោះបីសម្តេចមានកិច្ចការដ៏មមាញឹកក៏ដោយ។ លោកជំទាវ បានសម្តែងនូវការដឹងគុណសម្តេចតេជោ ចំពោះការណែនាំ ភាពជាអ្នកដឹកនាំ និងមិត្តភាព ដែលនាំឱ្យលោកជំទាវសម្រេចបាននូវបេសកកម្មការទូត រយៈពេល៤ឆ្នាំនៅកម្ពុជា ជាមួយនឹងសមិទ្ធផលប្រកបដោយក្តីពេញចិត្ត។ លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតរបស់សម្តេច, ជ័យជំនះនៃការបោះឆ្នោតចុងក្រោយនៅកម្ពុជា និងការផ្ទេរអំណាចដោយរលូនទៅអ្នកដឹកនាំជំនាន់ក្រោយ វ័យក្មេង និងប្រកបដោយថាមពល។ លោកជំទាវឯកអគ្គរដ្ឋទូត បានបន្តរំឭកអំពីចក្ខុវិស័យនិងភារកិច្ចធំចំនួនបួនដែលសម្តេចតេជោ បានណែនាំដល់លោកជំទាវនាដើមអាណត្តិការទូត ដែលរួមមាន ការបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា សន្ធិសញ្ញាវិនិយោគទ្វេភាគី ការតភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅរដ្ឋធានីញូវដែលី និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ទៅកម្រិតកំពូល។ ក្នុងចំណោមនោះ លោកជំទាវ ឯកអគ្គរដ្ឋទូត សម្រេចបានជោគជ័យក្នុងការភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅរដ្ឋធានីញូវដែលីនៅឆ្នាំនេះ ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់អនឡាញ។ លោកជំទាវ ក៏បានបញ្ជាក់ផងដែរ អំពីគម្រោងផ្សេងៗដែលឥណ្ឌាបាន ហើយនឹងជួយដល់កម្ពុជា មានគម្រោងអភិរក្សប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ការកសាងសមត្ថភាព និងទំនាក់ទំនងផ្នែកពុទ្ធសាសនា ការបញ្ជូនសត្វខ្លា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធមកកម្ពុជានាពេលដ៏ខ្លីខាងមុខ។ នៅក្នុងសកម្មភាពមីន លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដែលកម្ពុជាសម្រេចបាន ជាពិសេសការរៀបចំយ៉ាងជោគជ័យនូវ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះដែរ លោកជំទាវ បានគូសបញ្ជាក់ថា សម្តេចតេជោ មានបទពិសោធន៏យ៉ាងទូលំទូលាយ ខាងនយោបាយសកលលោក។ សំឡេងគាំទ្ររបស់សម្តេចតេជោ និងបុរេសកម្មរបស់កម្ពុជា នៅក្នុងក្រុមប្រទេស Global South មានសារៈសំខាន់ណាស់ ។ លោកជំទាវ បានអរគុណ សម្តេចតេជោ ដែលបានគាំទ្រ ប្រទេសឥណ្ឌា ជាតួអង្គលេចធ្លោនៃ Global South និង ជាម្ចាស់ផ្ទះនៃ 3rd Voice of Global South Summit ដែលបានផ្តោតកិច្ចពិភាក្សាលើ បញ្ហាសកលនានា ដូចជា ជម្លោះ វិបត្តិសន្តិសុខស្បៀង និង ថាមពល ការប្រែប្រួលអាកាសធាតុ …។ លោកជំទាវឯកអគ្គរដ្ឋទូត វាយតម្លៃខ្ពស់ចំពោះ តួនាទីដ៏សំខាន់ផងដែររបស់កម្ពុជានៅក្នុងសហគមន៍អន្តរជាតិ និងកិច្ចចរចាពហុភាគី។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការជឿជាក់ខ្ពស់ចំពោះមិត្តភាព និងភាពជាដៃគូយុទ្ធសាស្រ្តឥណ្ឌា-កម្ពុជា។ លោកជំទាវ បានបន្តជម្រាប សម្តេចតេជោ អំពីបំណងរបស់ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា មកទស្សនកិច្ចនៅកម្ពុជា និងសង្ឃឹមថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងសម្តេចតេជោ នឹងបំពេញទស្សនកិច្ចនៅឥណ្ឌានាពេលវេលាសមស្របខាងមុខ ដើម្បីជាកម្លាំងចលករក្នុងការធ្វើឱ្យស៊ីជម្រៅនៃទំនាក់ទំនងប្រទេសយើងទាំងពីរ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអរគុណលោកជំទាវឯកអគ្គរដ្ឋទូត ចំពោះការវាយតម្លៃខ្ពស់របស់លោកជំទាវ ចំពោះការដឹកនាំនិងរៀបចំអ្នកបន្តវេនរបស់សម្តេច ដែលស្ទើរគ្មាននៅលើពិភពលោក ដើម្បីចៀសវាងភាពច្រំដែលនៃប្រវត្តិសាស្រ្ត និងរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង។ សម្តេចតេជោ បានកោតសរសើរចំពោះមិត្តភាពកម្ពុជា-ឥណ្ឌា ដែលប្រទេសយើងទាំងពីរមានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ការទទួលស្គាល់ គាំទ្រនិងជួយគ្នាទៅវិញទៅមកនាពេលកន្លងមក។ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះការសម្រេចចក្ខុវិស័យនិងភារកិច្ចធំៗមួយចំនួន និងមួយចំនួនកំពុងត្រូវបានជំរុញបន្ថែម ជាតួយ៉ាង កិច្ចព្រមព្រៀងពាណិជ្ជកម្ម។ សម្តេចបានគូសបញ្ជាក់ថា ការតភ្ជាប់ការហោះហើរត្រង់របស់ប្រទេសយើងទាំងពីរ មិនត្រឹមតែជំរុញទេសចរណ៍វប្បធម៌ ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងទេសចរណ៍សាសនាផងដែរ។ សម្តេចតេជោ បានស្វាគមន៍ចំពោះសត្វខ្លាឥណ្ឌា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធ ដែលនឹងមកដល់កម្ពុជានាពេលខាងមុខ។ សម្តេចបាន គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី មានការកើនឡើង ក៏ប៉ុន្តែ មិនទាន់ស័ក្តិសមនឹងសក្តានុពលដែលប្រទេសទាំងពីរមាននៅឡើយទេ និងបានស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ឥណ្ឌា។ សម្តេច បានលើកឡើងថា កម្ពុជា បានសម្របសម្រួលគោលនយោបានការបរទេសជាមួយនឹងបណ្តាប្រទេស Global South ក្នុងការជំរុញកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ក៏ដូចជា កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាផងដែរ។

នៅចុងបញ្ចប់ សម្តេចតេជោ ជូនពរលោកជំទាវឯកអគ្គរដ្ឋទូត និងសហការី ទទួលបានជោគជ័យក្នុងភារកិច្ចក្នុងឆ្នាំថ្មី ឆ្នាំសកល និងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការល្អបន្តទៀតនៃប្រទេសយើងទាំងពីរ៕

CATEGORIES
Share This