ក្រសួងធនធានទឹក និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អញ្ជើញចុះពិនិត្យសិក្សាស្វែងយល់លើបទពិសោធន៍ជោគជ័យក្នុងគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាស្រ្តព្រែកពោធិ
ខេត្តកំពង់ចាម៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអ្នកសារព័ត៌មានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំផ្ទាល់ដោយលោកជំទាវ Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក Anthoney Robert Gill នាយករង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីមកពីគ្រប់បណ្តាញនិងទីភ្នាក់ងារសារព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ធំ លោកអភិបាលនៃគណៈអភិបាលស្រុកពាក់ព័ន្ធរបស់ខេត្តកំពង់ចាម និងខេត្តកណ្តាល គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក(សកបទ) នៃប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់អង្គភាពគ្រប់គ្រង និងអនុវត្ដគម្រោងរបស់ក្រសួង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំដែលមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ខេត្តទាំងអស់ខាងលើ និងសហគមន៍កសិករប្រើប្រាស់ទឹក (សកបទ) នៃប្រព័ន្ឌធារាសាស្រ្តព្រែកពោធិ នាពេលនេះគឺដើម្បីសិក្សាស្វែងយល់លើបទពិសោធន៍អនុវត្តន៍ដ៏ជោគជ័យក្នុងគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាស្រ្តព្រែកពោធិ ស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕