អាជ្ញាធរស្រីលង្កាបានដាក់ពង្រាយរថក្រោះពាសដែក និងកងទ័ពនៅតាមដងផ្លូវនៃរដ្ឋធានីកូឡុំបូ ពីរថ្ងៃបន្ទាប់ពីមនុស្សជាច្រើនគាំទ្ររដ្ឋាភិបាលបានវាយប្រហារលើបាតុករដោយសន្តិវិធី ដែលបង្កឱ្យមានរលកនៃអំពើហិង្សានៅទូទាំងប្រទេស
អាជ្ញាធរស្រីលង្កាបានដាក់ពង្រាយរថក្រោះពាសដែក និងកងទ័ពនៅតាមដងផ្លូវនៃរដ្ឋធានីកាលពីថ្ងៃពុធ ពីរថ្ងៃបន្ទាប់ពីមនុស្សជាច្រើនគាំទ្ររដ្ឋាភិបាលបានវាយប្រហារលើបាតុករដោយសន្តិវិធី ដែលបង្កឱ្យមានរលកនៃអំពើហិង្សានៅទូទាំងប្រទេស។
កងកម្លាំងសន្តិសុខត្រូវបានបញ្ជាឱ្យបាញ់សម្លាប់អ្នកដែលចាត់ទុកថាចូលរួមក្នុងអំពើហឹង្សានេះ ខណៈដែលសកម្មភាពនៃការដុតបំផ្លាញ និងការបំផ្លិចបំផ្លាញនៅតែបន្តកើតមានបើទោះបីជាមានបម្រាមគោចរទូទាំងប្រទេសដ៏តឹងរ៉ឹងដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃចន្ទក៏ដោយ។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបាននឹងកំពុងទាមទារឱ្យប្រធានាធិបតី Gotabaya Rajapaksa លាលែងពីតំណែង និងប្អូនប្រុសរបស់គាត់ ដែលបានចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីក្នុងសប្តាហ៍នេះ ជុំវិញវិបត្តិបំណុលដែលបានធ្វើឱ្យប្រទេសស្រីលង្កាស្ទើរតែក្ស័យធន ហើយបានធ្វើឱ្យប្រជាជនរបស់ខ្លួនប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗទៀត។ . ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មនុស្ស ៨ នាក់បានស្លាប់ និងជាង ២០០ នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយហិង្សា ដែលមនុស្សជាច្រើនបានដុតបំផ្លាញអគារ និងរថយន្ត។
រថក្រោះពាសដែកដែលមានទាហានជិះពីលើបានបន្តចូលទៅក្នុងតំបន់មួយចំនួននៃទីក្រុងកូឡុំបូ។ ដោយប្រឆាំងនឹងបម្រាមគោចរ បាតុករខ្លះបានប្រមូលផ្តុំគ្នាឡើងវិញនៅទល់មុខការិយាល័យប្រធានាធិបតី ដើម្បីបន្តធ្វើបាតុកម្មដែលបានចាប់ផ្តើមជាងបីសប្តាហ៍មុន៕