ចេញផ្សាយ, ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ភ្នំពេញ៖ រថយន្តឯកជនចេញដឹកសពជនរងគ្រោះនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ស្ថិតនៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៤:៥០នាទីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ដោយបំពានគោលការណ៍របស់ក្រសួងសុខាភិបាល រថយន្តខាងលើនេះ ដោយមានពាក់ស្លាកលេខ ភ្នំពេញ ២AC២៥១៦។
តាមប្រភពព័ត៌មានពីសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថារថយន្តឯកជនខាងលើនេះបានទារថ្លៃដឹកសពជនរងគ្រោះក្នុងតម្លៃ ២០០ដុល្លារ ត្រូវបានចរចាចុះនៅសល់ត្រឹម ១៥០ដុល្លារ ដើម្បីដឹកសពជនរងគ្រោះយកទៅស្រុកកំណើតនៅឯស្រុកថ្ពង ខេត្ត កំពង់ស្ពឺ។
តាមប្រភពដដែលបានបន្តទៀតថា រថយន្តខាងលើនេះមិនមែនជារថយន្តរបស់រដ្ឋទេ។
ដោយគាត់បានសួរទៅតៃកុងរថយន្តតែតៃកុងរថយន្តខាងលើមិនឆ្លើយនោះទេ។
តើរថយន្តខាងលើនេះមានការអនុញ្ញាតពីក្រសួងសុខាភិបាលដែរឬទេ?ឬមួយក៏ចេញដឹកដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល! តាមការស្នើសុំរបស់ក្រុមគ្រួសារ សាច់ញាតិនិងប្រជាពលរដ្ឋស្នើសុំឲ្យក្រសួងសុខាភិបាលជួយពិនិត្យមើលរថយន្តខាងលើនេះផង។