កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥៖០០នាទីព្រឹក មានករណីមនុស្សស្លាប់ ដោយការធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជនរងគ្រោះមានឈ្មោះ ZHOU CHUNHUA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ភរិយារបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន គីលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ពោធិ៍សាត់ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងអង្គភាពជំនាញពាក់ព័ន្ធចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន ដោយកំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យ។
លុះនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់ រួមមាន៖
*ទី១៖ ឈ្មោះ LI YU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន
*ទី២៖ ឈ្មោះ លូ ហ្វុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន
*ទី៣៖ ឈ្មោះ LIU HUA BING ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន (ទាំង៣នាក់ឃាត់នៅត្រង់ចំណុចភូមិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់)
*ទី៤៖ ឈ្មោះ GUO YUNFEI ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន
*ទី៥៖ ឈ្មោះ ZHANG YUESEN ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន
*ទី៦៖ ឈ្មោះ ជា រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
*ទី៧៖ ឈ្មោះ ហួន រតន: ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (ទាំង៤នាក់ឃាត់ត្រង់ចំណុចឃុំស្ទឹងកាច ស្រុកសាលាក្រៅ ខេត្តប៉ៃលិន)។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធី ខណៈបក្ខពួកម្នាក់ទៀតកំពុងស្រាវជ្រាវបន្ដ៕