ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ​ អញ្ជើញចុះពិនិត្យវឌ្ឍនភាព​គម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ (ជំហាន២) ក្នុងភូមិសាស្ត្រខេត្តកោះកុង

នៅថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ (ជំហាន២) ស្ថិតក្នុង​ឃុំដងពែង​ ស្រុកស្រែអំបិល​ ខេត្តកោះកុង​។

ឯកឧត្តម​រដ្ឋលេខាធិការ​បានបញ្ជាក់ឱ្យដឹងថា​ ការងារសំខាន់នៃគម្រោង​នេះ​គឺ​សាងសង់ទំនប់ដីប្រវែង ២ ៥០០ម៉ែត្រ ដើម្បីធានាសុវត្ថិភាព ការពារទឹកប្រៃមិនឱ្យហូរចូលលើផ្ទៃដីបង្កបង្កើនផលកសិកម្មប្រមាណ​​ ៣៣២ហិកតា និងខ្នង​ទំនប់ជាផ្លូវធ្វើដំណើរក្នុងមូលដ្ឋានតាមបណ្តោយដងព្រែក​ ជូនប្រជាពលរដ្ឋចំនួន ៣៥៤គ្រួសារ ក្នុងភូមិចំនួន២ របស់ឃុំដងពែង នៃស្រុកស្រែអំបិល ខេតកោះកុង​។ គិតមកដល់ពេលនេះ​វឌ្ឍនភាពការងារ​សាងសង់ទំនប់សម្រេច​បានប្រមាណ​ ៩០% ដោយអនុវត្តបាន​​ត្រឹមត្រូវតាមឯកសារគម្រោង​។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្ត​យកចិត្តទុកដាក់លើគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ទំនប់ និងចូលរួមថែរក្សាសមិទ្ធផលថ្មីនេះឱ្យ​មាននិរន្តរភាព៕

CATEGORIES
Share This