កំពង់ឆ្នាំង៖ ជនសង្ស័យ១នាក់ ត្រូវនគរបាលស្រុករលាប្អៀរ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចគាស់ផ្ទះ) កាលពី ថ្ងៃទី៨ខែតុលាឆ្នាំ២០២៤ នៅចំណុចផ្ទះឈ្មោះ ចាប សុវណ្ណា ស្ថិតក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
ជនសង្ស័យមានឈ្មោះ ឡី វីន(សុខ ខឿន)ភេទស្រីអាយុ ៤៤ឆ្នាំមានស្រុកកំណើតនៅភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបច្ចុប្បន្នស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានមុខរបរមិនពិតប្រាកដ ។
មុនធ្វើសកម្មភាពខ្លួនបានជិះរថយន្តពីផ្សារបែកចានមកចុះនៅផ្សារលើស្ថិតក្នុងភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយបានចុះដើរថ្មើជើងតាមបណ្ដោយផ្លូវជាតិលេខ 53ឆ្ពោះទៅទិសខាងលិចដើរមកដល់ចំណុចផ្លូវបេតុងចូលក្នុងភូមិចំការម៉ៅលុះមកដល់ចំណុចផ្ទះកើតហេតុខាងលើខ្លួនក៏បានផ្លោះរបងចូលធ្វើសកម្មភាពយកកាំបិតតាំងតោដែលម្ចាស់ផ្ទះទុកនៅផ្ទះបាយយកគាស់ផ្ទះចូលទៅខាងក្នុងផ្ទះ និងរើជជុះសំលៀកបំពាក់រករបស់ដែលមានតម្លៃ ភ្លាមៗនុះស្រាប់តែម្ចាស់ផ្ទះមកទាន់ឃើញដូច្នោះជនសង្ស័យក៏បានផ្លោះរបងរត់គេចចេញតែត្រូវម្ចាស់ផ្ទះចាប់ឃាត់បានតែម្ដង។
ហើយម្ចាស់ផ្ទះក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗនោះលោកវីរៈសេនីយ៍ទោ វ៉េត សុផលអធិការនគរបាលស្រុករលាប្អៀរ បានចាត់កម្លាំងនគរបាលទំនាញចុះនាំខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ធ្វើការដកហូតវត្ថុតាងមានកាំបិតតាំងតោដែលធ្វើសកម្មភាពគាស់ផ្ទះ ទូរសព្ទដៃមួយគ្រឿង។ ជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕