ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់មានសារៈសំខាន់សម្រាប់ធានានូវកំណើនចីរភាព

នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា លោកមានក្ដីសោមនស្សរីករាយជាខ្លាំងដែលចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលកម្រិតតំបន់នេះ ហើយខ្លឹមសារសំខាន់នៃសុន្ទរកថារបស់លោក គឺផ្ដោតលើសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នៅក្នុងតំបន់អាស៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសនៅក្នុងតំបន់។ លោកប្រធានធនាគារក៏បង្ហាញនូវសក្ដីសប្បាយរីករាយដែលធនាគារ AIIB បានរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ លោកប្រធានធនាគារបានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា កម្ពុជា ជាប្រទេសស្ថាបនិកមួយដែលបានចូលរួមចំណែកក្នុងការបង្កើតធនាគារ AIIB កាលពី ៩ ឆ្នាំមុន។ ការណ៍នេះសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងការរួមចំណែកដ៏សំខាន់របស់កម្ពុជាក្នុងការអភិវឌ្ឍបន្តិចម្ដងៗនៃដំណើរការរបស់ធនាគារ AIIB។ ជាមួយគ្នានោះលោកប្រធានធនាគារក៏បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីជំរុញ និងធានាដល់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញដើម្បីបង្កើននូវភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាគន្លឹះ ប្រកបដោយអត្ថន័យរបស់លោកប្រធានធនាគារ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលព្រឹក។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់នូវគន្លឹះអាទិភាពធំៗចំនួន៥ ដែលក្នុងនោះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពសំខាន់មួយ ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យបានល្អប្រសើរ ហើយក៏ជាអ្វីដែលកម្ពុជាត្រូវការអភិវឌ្ឍបន្ថែមទៀត បន្ទាប់ពីបានរងការខូចខាតដោយភ្លើងសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា បុរេលក្ខខណ្ឌដ៏សំខាន់មួយនៃការអភិវឌ្ឍជាតិ គឺការធានាឱ្យបាននូវសុខសន្ដិភាព ស្ថិរភាព ជៀសឱ្យផុតពីជម្លោះប្រដាប់អាវុធ ព្រោះថានៅពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម នោះគ្រប់គ្នានឹងដឹងថា សន្ដិភាពមានតម្លៃប៉ុណ្ណា។ សម្ដេចបវរធិបតី គូសបនញ្ជាក់ថា ក្នុងនាមជាប្រទេសស្ថានិកមួយរបស់ធនាគារAIIB កម្ពុជានឹងបន្តចូលរួមជាមួយធនាគារ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ និងជាស្ថាប័នសម្របសម្រួល និងទំនាក់ទំនងផ្ទាល់ ជាមួយធនាគារ (AIIB)។

CATEGORIES
Share This