សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣ ៥៣០ អង្គ/នាក់ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣ ៥៣០ អង្គ/នាក់ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួនសរុប ៣ ៥៣០ អង្គ/នាក់ ក្នុងនោះ និសិ្សតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រមានចំនួន ២ ៩៤២ នាក់ (នារី ១ ៥៩៦ នាក់ ស្មើនឹង ៥៤,២៥%) និង និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥៨៨ នាក់ (នារី ២២៦ នាក់ ស្មើនឹង ៣៨,៤៣%)។ បើពាក់ព័ន្ធនឹងជំនាញវិញ មាននិស្សិតផែ្នកនីតិសាស្ត្រចំនួន ១ ៩១១ នាក់ (នារី ៨២៤ នាក់) និស្សិតផ្នែករដ្ឋបាលសាធារណៈចំនួន ៧៨៨ នាក់ (នារី ៤៤១ នាក់) និង និស្សិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន ៨៣១ នាក់ (នារី ៥៥៧ នាក់)។