កំពស់ទឹកនៅតាមទន្លេមេគង្គមានការកើនឡើង សម្រាប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៥ ខែកញ្ញានេះថា ការវាស់កម្ពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការកើនឡើងចំនួន ០,២៤ម៉ែត្រ។
កំណើនកម្ពស់នេះបានធ្វើអោយកម្ពស់ទឹកឡើងដល់ ២១, ៦៤ម៉ែត្រ ខណៈកម្រឹតកម្ពស់ទឹកដែលត្រូវប្រកាសអោយបង្កើនការប្រុងប្រយ័ត្នគឺ ២២ ម៉ែត្រ។ សូមបងប្អូននៅតាមដងទន្លេមេគង្គខេត្តក្រចេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឬត្រៀមលក្ខណៈជន្លៀសរកទីទួលសុវត្តិភាព។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការឡើងកម្ពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានឡើងកម្ពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកម្ពស់ទឹកឡើងដល់ ១៤,១០ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ចតុមុខ បានឡើងកម្ពស់ចំនួន ០,១១ម៉ែត្រ ធ្វើអោយកម្ពស់ទឹកឡើងដល់ ៨,៩៥ម៉ែត្រ៕
CATEGORIES ព័ត៌មានជាតិ