ក្រសួងធនធានទឹក និងឧតុនិយម ឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង ដោយក្នុងកំឡុងពេលជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើក្នុងប្រទេសកម្ពុជានឹងហក់ឡើងជាបន្តបន្ទាប់ ហើយនឹងហូរចូលតាមព្រែកនិងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ។
ស្ថានភាពទឹកជំនន់ទន្លេមេគង់ ដោយសារមានឥទ្ធិពលពីព្រះយ៉ាកជី (Yagi) បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់លើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ ដែលបង្កឱ្យទឹកទន្លេមេគង្គហក់ឡើងខ្លាំងរហូតដល់មានការជន់លិចនៅផ្នែកខាងលើប្រទេសឡាវ បន្ទាប់មកទៀតក៏លិចចេញព្យុះទី១៣ឈ្មោះប៊ីបីនកា (Bebinca) និងសម្ពាធទាប បានគ្រប់ដណ្តប់លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាម៉ែន (Andaman Sea) និងឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។