សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានសមាគមវប្បធម៌កូរ៉េ ចូលជួបសម្ដែងការគួរសម

នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឱ្យ លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ (KCA-Korean Culture Association) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោប្រធានព្រឹទ្ធសភាបានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយគណៈប្រតិភូសមាគមវប្បធម៌កូរ៉េ ក្នុងឱកាសដែលសម្ដេចអញ្ជើញមកទីក្រុងអ៊ីនឆន់ ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោក។

លោកប្រធានសមាគមវប្បធម៌កូរ៉េ បានសម្តែងការស្វាគមន៍ចំពោះសម្ដេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូដែលបានធ្វើដំណើរបំពេញទស្សនកិច្ច និងចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកនៅសាធារណរដ្ឋកូរ៉េនេះ។ លោកបានសិក្សាពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ពីការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការបញ្ចប់សង្គ្រាមដើម្បីបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនមកដល់សព្វថ្ងៃនេះ។

លោកប្រធានសមាគមវប្បធម៌កូរ៉េ បានមានប្រសាសន៍ថា លោកពិតមានកិត្តិយសណាស់ដែលបានជួបសម្ដេចតេជោដោយផ្ទាល់ និងបានជម្រាបជូនអំពីសហប្រតិបត្តិការ និងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ។ លោកបានគូសបញ្ជាក់ថា លោកកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយលោកជំទាវឯកអគ្គរាជទូត​កម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំសកម្មភាពដើម្បីការផ្លាស់ប្ដូរវប្បធម៌គ្នា។

លោកប្រធានសមាគមវប្បធម៌កូរ៉េ បានរៀបរាប់ថា កាលពីខែឧសភាកន្លងមក រូបថតចំនួន២០០០សន្លឹកស្ដីអំពីវិស័យវប្បធម៌កម្ពុជា ដោយមានរូបថតប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗជាច្រើនទៀត ត្រូវបានដាក់តាំងនៅទីក្រុងសេអ៊ូល ហើយនៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ សមាគមនិងរៀបចំធ្វើរាត្រីស្រមោលសសប្បុរសធម៌មួយនៅទីក្រុងសេអ៊ូល ដើម្បីរៃអង្គាសថវិកាជួយទៅដល់ក្រុមគ្រូពេទ្យ TYDA នៅកម្ពុជា។

សមាគមវប្បធម៌កូរ៉េ ក៏មានគម្រោងរៀបចំពពិពណ៌គំនូរនៅកម្ពុជា រួមជាមួយរាត្រីស្រមោលសសប្បុរសធម៌មួយទៀត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ខាងមុខ នៅខេត្តសៀមរាប ដោយនាំយកនូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗ នៃសាធារណរដ្ឋកូរ៉េ ទៅបង្ហាញ និងសំដែងនៅកម្ពុជាផងដែរ។ លោកប្រធានសមាគមកូរ៉េ បានបង្ហាញនូវក្តីសង្ឃឹមថា ដើម្បីបម្រើឱ្យការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ សមាគមត្រូវការគាំទ្រពីសម្ដេចតេជោ។

លោក Samuel Chung​ក៏បានជម្រាបពីបំណងក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ពីក្រុមជំនាន់ថ្មី ជាពិសេសក្រុម កូនកាត់គ្រួសារ ខ្មែរ-កូរ៉េ ដែលលោកមានបំណងធ្វើឱ្យកូនចៅរបស់គេទាំងគ្រួសារបានស្គាល់វប្បធម៌រវាងប្រទេសទាំងពីរ តាមរយៈការរៀបចំឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាស្វែងយល់គ្នាទៅវិញទៅមក។ សមាគមក៏មានគម្រោងរៀបចំជាវេទិកាជាពិពណ៌និងសិក្ខាសាលា ដើម្បីឱ្យមានសកម្មភាពយ៉ាងសកម្មរវាងប្រទេសទាំងពីរ។ លោកជឿជាក់ថា សកម្មភាពទាំងនេះ អាចធ្វើដោយជោគជ័យ ដោយសារកម្ពុជា និងកូរ៉េ មានទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អគ្រប់វិស័យ។

លោកបានសំណូមពរសុំសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រគម្រោងនិងកិច្ចសហប្រតិបត្តិការដើម្បីបម្រើឱ្យទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ឱ្យមានការរីកចម្រើន និងនិរន្តរភាព។
ជាការឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះគម្រោងនានាដែលលោកប្រធានសមាគមបានរៀបរាប់ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានាពេលកន្លងមក ដើម្បីជំរុញ ទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។ សម្ដេចតេជោបានបញ្ជាក់ថា ការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្ដូរវប្បធម៌នេះ ពិតជាមានតម្លៃណាស់ មិនគ្រាន់តែសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្តែ មានតម្លៃសម្រាប់ការពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋផងដែរ ហើយការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ក៏នឹងពង្រឹងវិស័យទេសចរណ៍ផងដែរ។ យើងត្រូវធ្វើរឿងនេះឱ្យទៅជាការជាក់ស្តែង។

សម្តេចតេជោ​បានលើកឡើងថា ប្រទេសយើងទាំងពីរជាប្រទេសដន្លងនឹងគ្នា ដោយសារយើងមានកូនកាត់កម្ពុជា​កូរ៉េជាងមួយម៉ឺននាក់ ដែលត្រូវស្គាល់វប្បធម៌នៃប្រទេសទាំងពីរ កុំឱ្យស្គាល់តែមួយផ្នែក។ លើចំណុចនេះ នៅពេលបច្ចុប្បន្ននេះ និងពេលអនាគត គ្រាន់ពួកគេធ្វើដំណើរទៅលេងជីដូនជីតានៅស្រុកខ្មែរ គឺជាការជម្រុញលំហូរទេសចរណ៍ទៅមក និង កំណើនទេសចរណ៍។ តារាកូរ៉េ កំពុងពេញនិយមនៅក្នុងបណ្តាប្រទេសអាស៊ាន មិនត្រឹមតែកម្ពុជាទេ។ វត្តមានរបស់ពួកគេនៅខេត្តសៀមរាបអង្គរ នៅថ្ងៃទី១ ខែធ្នូខាងមុខ មានឥទ្ធិពលមិនធម្មតាទេនៅក្នុងផ្នែកវប្បធម៌ ទេសចរណ៍ ដល់ប្រទេសជិតខាងកម្ពុជាផងដែរ។

សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាមានវប្បធម៌ដ៏ចំណាស់ បូកនឹងវប្បធម៌បែបសម័យថ្មីរបស់កូរ៉េ ដែលជាឱកាសល្អមួយ សម្រាប់ផ្សព្វផ្សាយនូវវប្បធម៌ទាំងពីរនេះ។ សម្ដេចតេជោ បានស្នើសុំឱ្យសមាគមវប្បធម៌កូរ៉េសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា លើសពីថ្ងៃ១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងទាំងវិស័យវប្បធម៌ ទំនាក់ទំនងប្រជាជន និងប្រជាជន និងធ្វើឱ្យសកម្មភាពឱ្យសកម្ម និងជានិរន្តរភាព៕