គ្រាន់តែព្យុះទីហ្វុង យ៉ាកជី ថមថយឥទ្ធិពលបន្តិច ស្រាប់តែប្រទេសវៀតណាម ជួបគ្រោះអាក្រក់មួយទៀត នោះគឺហេតុការណ៍បាក់ស្ពាន ដែលបណ្តាលឲ្យរថយន្តនិងម៉ូតូជាច្រើនគ្រឿងធ្លាក់ចូលទន្លេដែលកំពុងមានទឹកហូរខ្លាំង ខណៈភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីតួលេខមនុស្សស្លាប់នៅឡើយទេ។
តាមការចុះផ្សាយរបស់ VN Express, ហេតុការណ៍បាក់ស្ពាន Phong Chau ឆ្លងកាត់ទន្លេក្រហមនេះ កើតឡើងនៅម៉ោងប្រហែល ១០ព្រឹកថ្ងៃចន្ទទី៩ខែកញ្ញា ក្នុងខេត្ត Phu Tho ភាគខាងជើងប្រទេសវៀតណាម។
លោក Ngo Duc Sau អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Lam Thao បាននិយាយថា ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងចំពេលមានអាកាសធាតុមិនល្អ កម្ពស់ទឹកទន្លេហក់ឡើងខ្ពស់ និងទឹកហូរខ្លាំង ខណៈមូលហេតុ ត្រូវបានគេចង្អុលទៅលើសភាពចាស់ទ្រុឌទ្រោមរបស់ស្ពាន។
ស្របពេលជាមួយគ្នានោះ មន្ត្រីមូលដ្ឋានបានប្រាប់ទៅ Vn Express ថា មានរថយន្តដឹកទំនិញចំនួន៣គ្រឿង រថយន្តធុនតូច២គ្រឿង ម៉ូតូច្រើនគ្រឿង និងកង់អគ្គិសនីរបស់សិស្សម្នាក់ បានធ្លាក់ចូលទៅក្នុងទន្លេ។
ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ ក្រុមជួយសង្គ្រោះបានសង្គ្រោះមនុស្សចំនួន៤នាក់ហើយ ប៉ុន្តែគេមិនដឹងថា តើមានមនុស្សប៉ុន្មាននាក់ទៀតទេដែលកំពុងបាត់ខ្លួន។
សូមបញ្ជាក់ថា ស្ពាន Phong Chau គឺលាតសន្លឹកលើទន្លេក្រហម តាមបណ្តោយផ្លូវជាតិលេខ ៣២C តភ្ជាប់ Lam Thao និង Tam Nong។ ស្ពាននេះ ក៏ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់វៀតណាម ផងដែរ៕