ខេត្តស្ទឹងត្រែង ៖ នាថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ប៉ែន លីណាត អភិបាលរងនៃ គណៈអភិបាលខេត្តស្ទឹងត្រែង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ ១ខ្សែ ជាប្រភេទផ្លូវក្រាលល្បាយក្រួស ស្ថិតនៅតាមបណ្ដោយខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ប្រវែង ១៧៩,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ខំណុចភូមិដុងក្រឡរ ឃុំអូរស្វាយ ស្រុកបុរី អូរស្វាយសែនជ័យ ឆ្ពោះទៅ បង្គោលព្រុំដែនលេខ ៧៨ ត្រង់ចំណុច ភូមិញាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ។ នៅលើកំណាត់ផ្លូវមួយខ្សែនេះ មានសំណង់សិល្បការ្យមួយចំនួន រួមមានលូមូលចំនួន ២៩០កន្លែង លូប្រអប់ ៦០កន្លែង ស្ពានបេតុង ១០កន្លែង ប្រវែងសរុប ៤១៤ម៉ែត្រ និងទំនប់ស្ទាក់ទឹកចំនួន ១០កន្លែង ប្រវែងសរុប ២៧៦ម៉ែត្រ ។ ខ្សែផ្លូវទី២ តភ្ជាប់ពីស្រុកសៀងប៉ាង ទៅផ្លូវជាតិលេខ ៧ ជាប្រភេទផ្លវក្រាលក្រួសក្រហម មានប្រវែ ៤៥ គីឡូម៉ែត្រ ស្ថិតក្នុងឃុំព្រែកមាស ស្រុកសៀងប៉ាង មានសំណង់ស្ពានបេតុងចំនួន ៧កន្លែង លូប្រអប់ ២កន្លែង និងលូមូល ៣៥កន្លែង និងខ្សែផ្លូវទី៣ មានប្រវែង ៥,៥ គីឡូម៉ែត្រ មានលូមូលចំនួន ១៣កន្លែង ដាក់ស្លាកសញ្ញាចរាចរណ៍បាន ២៤កន្លែង និងដាំបង្គោលសុវត្ថិភាពចរាចណ៍បានចំនួន ៣២បង្គោល ។ ផ្លូវនេះស្ថិតក្នុងសហគមន៍កសិកម្ម អ៊ុំឃួងរុងរឿង ស្ថិតនៅក្នុងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក។ ឆ្លៀតក្នុងឱកាសនោះផងដែ ឯកឧត្ដមរដ្ឋមន្រ្ដី បានអញ្ជើញសាកសួរសុខទុក្ខគ្រួសារកងទ័ព និងនគរបាលដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រុំដែនកម្ពុជា-ឡាវ ដោយ ឯកឧត្តមបានពាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋនៅទីនោះ។ ជាមួយគ្នានេះ ឯកឧត្ដម បានធ្វើការកោតសរសើរជូនចំពោះវីរៈភាពអង់អាចក្លាហានរបស់បងប្អូនកងកម្លាំងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រុំដែនកម្ពុជា-ឡាវ ព្រមទាំងបានណែនាំឱ្យនាយកដ្ឋានជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្តជួយផ្ដល់សម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យជូនគ្រួសារកងទ័ព និងនគរបាលដែលកំពុងខ្វះខាតផងដែរ ។
នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។ បន្ទាប់ពីបានស្ដាប់របាយការណ៍សមិទ្ធផលរយៈពេល ១ឆ្នាំ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ត ពាំនាំនូវប្រសាសន៍ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅទីនោះ។ឯកឧត្ដមរដ្ឋមន្រ្ដី បានជម្រាបជូនពីសមិទ្ធផលជារួមរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបាន
កំណត់ ចក្ខុវិស័យគឺ “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ។ ឯកឧត្ដមក៏បានបន្តលើកឡើងអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងពេលមួយឆ្នាំកន្លងមកនេះ ដែលរួមមានការកើនឡើងកំណើនសេដ្ឋកិច្ច ការស្ថាបនាព្រែកជីកហ្វូណនតេជោដែលជាសមិទ្ធផលដ៏ធំរបស់ប្រទេស និងសមិទ្ធផលជាច្រើនទៀត។ ឯកឧត្តមក៏បានជម្រាបជូនពីកម្មវិធីអាទិភាពចំនួន ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺ ទី១. ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ។ បន្ដែមពីនេះទៅទៀតឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានលើកឡើងផងដែរពីស្ថានការបច្ចុប្បន្នទាក់ទិនទៅនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (DTA) បានផ្ដាំផ្ញើឱ្យមន្រ្ដីរាជការខិតខំបំពេញតួនាទី និងភារកិច្ចចូលរួមអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងបញ្ចប់ឯកឧត្តមបានផ្តាំផ្ញើមន្ត្រីរាជការបម្រើការក្នុងមន្ទីត្រូវបន្តប្រកាន់ភ្ជាប់នៅតួនាទីភារៈរបស់ខ្លួន និងសហការឲ្យកាន់តែប្រសើរឡើងជាមួយមន្ទី ស្ថាប័នផ្សេងទៀត និងរក្សាឱបាននៅសាមគ្គីភាពផ្ទៃក្នុងឲ្យមានភាពរឹងមាំ៕