ផ្លូវជាតិលេខ៧៦ មានប្រវែងសរុបជាង ៣០៦គីឡូម៉ែត្រ ដោយក្រាលនូវកៅស៊ូ DBST ចាប់ផ្តើមចេញពីស្រុកស្នួល ខេត្តក្រចេះ រហូតដល់ស្រុកតាអង ខេត្តរតនគិរី ក្នុងនោះផ្លូវជាតិលេខ៧៦-៤ ក៏បានតភ្ជាប់ទៅកាន់ច្រកព្រំដែនដាក់ដាំ ក្នុងខេត្តមណ្ឌលគិរីផងដែរ ។
ផ្លូវជាតិលេខ៧៦ ត្រូវបានបញ្ចប់ការសាងសង់នៅក្នុង២០១២ ដោយបានក្លាយជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថា ការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ ។
តួយ៉ាង ក្រោយពីសាងសង់រួចរាល់ ផ្លូវជាតិលេខ៧៦ បានក្លាយជាផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមក្នុងវិស័យដឹកជញ្ជូន ទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ក៏ដូចជាបម្រើដល់វិស័យទេសចរណ៍ ក្នុងការកាត់បន្ថយបាននូវពេលវេលាធ្វើដំណើរ ផ្តល់ផាសុកភាព និងអមជាមួយទេសភាពដ៏ស្រស់បំព្រងសងខាងផ្លូវផងដែរ ។