នៅព្រឹក ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងពិធីហែ និងបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលធ្វើឡើងនៅវត្តជម្ពូវ័ន។
ក្នុងវេលាដែលពោរពេញដោយសមានទុក្ខ និងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាននេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមសម្តែងនូវការសោកស្តាយប្រកបដោយក្តី សង្វេគ ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលជាស្វាមី ឪពុក ជីតា ជីតាទួត និងជា គ្រូបាធ្យាយគម្រូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ ចំពោះ ក្រុមគ្រួសារ ដែលកន្លងមក សម្តេចតែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានប្រៀនប្រដៅបុត្រីធិតា និងចៅៗរហូតបានក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ សង្គមជាតិ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាពសម្តេចចៅហ្វាវាំង ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគម្រូដ៏ ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលក្នុងមួយជីវិត សម្តេច បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិ និងប្រជាជន ពិសេសក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាម អង្គព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ទទួលបានជោគជ័យជាច្រើនលើកិច្ចការជាតិ និងអន្តរជាតិដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែកដ៏ធំធេង និងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយសមាគមកាកបាទក្រហមកម្ពុជា។
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់ សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕