នាព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលីចំនួន១គ្រឿង មានឈ្មោះ HMAS PERTH- FFH 157 បានចាកចេញពីដែនទឹកនៃព្រះរាជាណាចក្រកម្ពជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលសំចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក ក្នុងគោលបំណងទស្សនកិច្ច បង្កើនចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។
ក្នុងដំណើរមាតុភូមិនិវត្តន៍របស់នាវាកងទ័ពជើងទឹកអូស្ត្រាលី មានការជូនដំណើរនិវត្តន៍នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាយនាវី នាយនាវីរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកវរនាវីឯក មាន សាវឿន នាយសេនាធិការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ។
ក្នុងដំណើរទស្សនកិច្ច និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនាវាកងទ័ពជើងទឹកអូស្ត្រាលី បានចូលជួបសម្តែងការគួរសមជាមួយលោកអភិបាលរងខេត្តព្រះសីហនុ លោកមេបញ្ជាការមូលដ្ឋានសមុទ្ររាម ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងទៅធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ មានដូចជាសារមន្ទីរជាតិទួលស្លែង ព្រះបរមរាជវាំង និងតំបន់កម្សាន្តមួយចំនួនក្នុងខេត្តព្រះសីហនុ និងមានកម្មវិធីលេងកីឡាបាល់ទះលើខ្សាច់ ដើម្បីបង្កើនមិត្តភាព សាមគ្កីភាពរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត។
សូមជម្រាបជូនថា នាវាឈ្មោះ HMAS PERTH – FFH 157 (Anzac Class FFH) មានបណ្ដោយប្រវែង១១៨ម៉ែត្រ ទទឹងប្រវែង១៤,៨ម៉ែត្រ ជម្រៅទឹក៦,៤ម៉ែត្រ មានទម្ងន់ផ្ទុក៣,៩០០តោន និងមានឧទ្ធម្ភាគចក្រចំនួន០១គ្រឿង MH60-Rabbit Seahawk មេបញ្ជាការហោះហើរ (អាកាសយាននិកលោក វរនាវីត្រី Patrick Mc Guire) មាននាវិកសរុបចំនួន ១៩០នាក់ ក្នុងនោះនាយនាវី ៣២នាក់ និងនាវិក ១៥៨នាក់៕