លោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd.របស់ប្រទេសចិន បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេសការគិតគូរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។
ការលើកឡើងរបស់ប្រធានក្រុមហ៊ុនខាងលើ បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។
ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការអបអរសាទរចំពោះគម្រោងវិនិយោគបង្កើត រោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ពិសេស វិស័យ សំណង់ និងបានស្នើឱ្យក្រុមហ៊ុនត្រូវមានការគិតគូរពីការចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាអតិបរមា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបក៍ដូចជាការប្រើប្រាស់ថាមពលស្អាត។
ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការបានធ្វើការអធិប្បាយដោយសង្ខេបអំពីរចនា សម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ពិសេសផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាព បើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។
ដោយសារកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា ឯកឧត្តមអគ្គ លេខាធិការក៍បានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់នៃរំហូរវិនិយោគចិនមកកម្ពុជាផងដែរ។