រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងដើម្បីពិនិត្យលើវឌ្ឍនភាពការងារការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំពិភាក្សាលើទីតាំងចំណុចតភ្ជាប់ (Connecting Point) នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅនឹងផ្លូវល្បឿនលឿន របស់វៀតណាម និងវឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែង១៣៥គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានប្រវែងប្រមាណ៣គីឡូម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមទម្រង់វិនិយោគ សាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ “BOT”៕