សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទទួលវត្ថុវបុរាណខ្មែរ ចំនួន ៧០ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ ក្រោយពីត្រូវបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរទាំង៧០នាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ាន់ហាថាន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងចំណោមវត្ថុវិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គដែលស្ថិតនៅសារមន្ទីរជាតិភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រុមការងារពាក់ព័ន្ធ ព្រមទាំងបណ្តាសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ដែលបានរួមចំណែកក្នុងការបំពេញបេសកកម្មជួយឱ្យវត្ថុបុរាណដ៏មានតម្លៃរបស់ខ្មែរ បានមកមាតុប្រទេសវិញ ដេីម្បីនឹងតម្កល់ជូនប្រជាជនខ្មែរ និងគ្រប់អ្នកទេសចរ បានមកសិក្សាឈ្វេងយល់ដោយផ្ទាល់នៃប្រភពកំណេីតនៃកេរតំណែលរបស់បុព្វបុរសខ្មែរបន្សល់ទុកដល់កូនចៅជំនាន់ក្រោយៗរហូតដល់បច្ចុប្បន្ន។