សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ

 

(ប្រទេសជប៉ុន) ៖ ថ្ងៃសៅរ៍ ៧ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងព្រឹកថ្ងៃទី២៣ ខែមេស ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន

ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ពីការសន្យាក្នុងការផ្ដល់ជំនួយ ជាពិសេសជាជំនួយរថយន្តផ្នែកវេជ្ជសាស្ត្រ ដែលបានដោះស្រាយដល់រដ្ឋាភិបាលឡាវរួចមកហើយនោះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី នូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវ ដូចជាការជួយផ្ដល់នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជារថយន្តដឹកវ៉ាក់សាំង covid 19 រួមទាំងថវិកាមួយចំនួនទៀតផងដែរ ដើម្បីដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ19នេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍ថា អ្វីដែលយើងបានពិភាក្សាក្នុងជំនួបនៅទីក្រុងភ្នំពេញនោះ ពេលនេះរដ្ឋាភិបាលទាំងពីរកំពុងជំរុញការអនុវត្តជាបន្តបន្ទាប់។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ប្រជាជនឡាវក៏បានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវនារយៈពេលកន្លងមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ នេះ៕