សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ សម្តេច ផ្ទាល់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នេះ ដោយបង្ហាញ ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង ដែលមានការជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ និងទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ ស្ថិតនៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ស្ទឹងស្រែង មានតួនាទីទទួលយកទឹកពីប្រភពទឹកជួរភ្នំដងរែក និងមួយផ្នែកទៀតពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយស្ទឹង។ កន្លងមក ដីច្រាំងស្ទឹងស្រែងបានបាក់ និងហូរច្រោះ ជាច្រើនកន្លែង ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សាដែលហូរមកពីជួរភ្នំដងរែក និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ជួបការលំបាកកង្វះទឹកសម្រាប់ស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ចរន្តទឹកស្ទឹងស្រែងបានយាយីទៅលើប្រឡាយមេបេតុងខាងកើត នៃប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ដែលជាប្រភពទឹកដ៏ធំចេញពីអាងទឹកស្ទឹងស្រែងយកទៅស្រោចស្រពនៅខេត្ដឧត្ដរមានជ័យ និងតំបន់មួយចំនួននៅខេត្តសៀមរាប។ ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ស្ថិតនៅក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប្រព័ន្ធដ៏ធំគ្របដណ្តប់លើស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងស្រុកចំនួន២ របស់ខេត្តសៀមរាប គឺស្រុកស្រីស្នំ និងស្រុកក្រឡាញ់ និងបានដើរតួនាទីយ៉ាងសំខាន់បម្រើដល់ការងារបង្កបង្កើនផលទាំងរដូវប្រាំង និងរដូវវស្សា ព្រមទាំងការប្រើប្រាស់សម្រាប់វិស័យផ្សេងៗទៀត។ ប្រព័ន្ធនេះបញ្ជូនទឹកពីទិសខាងជើងទៅទិសខាងត្បូង តាមប្រឡាយមេបេតុង ២ខ្សែ គឺប្រឡាយមេខាងកើត និងប្រឡាយមេខាងលិច រួមជាមួយទំនប់សណ្ដស្ទឹង ១ខ្សែ ប្រវែង ២៩៨៤ម៉ែត្រ។ ប្រឡាយមេខាងកើតមានប្រវែង ៣៨០៥៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងពីអាងស្តុកទឹកមកស្រោចស្រពលើផ្ទៃដី ១២០០០ហិកតា ក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ប្រឡាយមេខាងលិច មានប្រវែង ៤២៩៦៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងពីអាងស្តុកទឹកឆ្លងកាត់ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យមកស្រោចស្រពលើផ្ទៃដី ១៣០០០ហិកតា ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ចាប់ពីខែឧសភា ឆ្នាំ២០២៤មក ក្រុមការងារនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្ដើមអនុវត្តការសាងសង់ទំនប់បង្វែរចរន្តទឹកស្ទឹងស្រែង ដើម្បីការពារប្រព័ន្ធប្រឡាយមេបេតុងខាងកើតដ៏មានសារសំខាន់សម្រាប់ការស្រោចស្រពក្នុងខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាប។ ការងារសាងសង់រួមមាន៖ ជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ ដែលមានទំហំមាត់លើ ៦០ម៉ែត្រ ទំហំបាតក្រោម ២០ម៉ែត្រ ដើម្បីប្ដូរចរន្តទឹក និងសាងសង់ទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសាងសង់សម្រេចបានប្រមាណជាង ៧០ភាគរយ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ក្រោយពេលជីកព្រែកសិប្បនិម្មិតបង្វែរចរន្តទិសទឹក និងសាងសង់សំណង់បេតុងបង្វែរទិសទឹកស្ទឹងស្រែង បានរួចរាល់ ប្រជាពលរដ្ឋប្រមាណ ១៤៩០គ្រួសារ ក្នុងឃុំចុងកាល់ និងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប នឹងទទួលបានប្រភពទឹកមកធ្វើការស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម។ មិនតែប៉ុណ្ណោះ កសិករនឹងអាចបង្កើនរដូវដាំដុះដំណាំកសិកម្ម ២ ទៅ ៣ ដងក្នុងមួយឆ្នាំលើផ្ទៃដីដដែល ដោយទទួលបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រសើរជាងមុន ថែមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍ និងថែរក្សាធនធានធម្មជាតិក្នុងមូលដ្ឋានផងដែរ៕