ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោ(TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ

 

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអង្គការមូលនិធិនគរទេព បានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា ក្រោមអធិបតី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ថា ពិធីចុះអនុស្សារណៈយោគយល់គ្នានេះដែរ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមទៀតដែរថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោ(TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ៖

១- ការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។

២-ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស។

៣-ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អ្វីៗដែលយើងបាននឹងកំពុងធ្វើនេះគឺមិនមែនធ្វើដើម្បីបង្ហាញនោះទេ គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស ព្រោះថាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជាការប្រយុទ្ធប្រឆាំងសត្រូវដែលគ្មានរូបរាង យើងខិតខំជម្នះគ្រប់ឧបសគ្គដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ហើយយើងសង្ឃឹមថានឹងយកជ័យជំនះ ហើយស្ថានភាពល្អប្រសើរនឹងវិលមកវិញក្នុងរយៈពេលឆាប់ៗខាងមុខនេះ៕

CATEGORIES
Share This