អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ខុន បញ្ចសិទ្ធិ ជាមេធាវីផង ជាគោរម្យងារឧកញ៉ាផង ទៅតុលាការ នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានចេញពីផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា មនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។ អាចក្នុងឡានជនសង្ស័យមានអាវុធ ២ដើម ។
សមត្ថកិច្ចបានបន្តថា ៖ ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យមាន ឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថាជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី ក្នុងនោះឈ្មោះ ខុន បញ្ចសិទ្ធិ ខ្លួនជាមេធាវីផង និងមានងារជាឧកញ៉ា ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ជាគោរម្យងារឧកញ៉ា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
ជនសង្ស័យរូបនេះបានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ រីឯតៃកុងឡាន បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ តែតាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថាអ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ។ ដោយជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សីនិងភស្តុតាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង។