ព្រះរាជាណាចក្រកម្ពុជា អាចនិងមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្រ្ទាក់ គ្រប់ដណ្តប់មកលើ ២៥រាជធានី-ខេត្ត ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤
ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយព្យុះឈ្មោះ ហ្គ្សាមី (Gaemi) នៅបន្តគ្របដណ្តប់លើសមុទ្រចិនខាងត្បូង នៅមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ៖ ១–តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្ទាក់ គ្របដណ្តប់លើផ្ទៃដី ៣០%។ ២ –តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្ទាក់ គ្របដណ្តប់លើផ្ទៃដី ២០%។
៣– តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្ទាក់ គ្របដណ្តប់លើផ្ទៃដី ២៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,២៥ម៉ែត្រ។