កម្ពុជា-វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសការងារពីថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក

នៅវេលាថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសនៃការអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបដ៏មានសារៈសំខាន់នោះ ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ពិសេស ឯកឧត្តម តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នាឱកាសនេះ។

ឯកឧត្តម តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណថ្វាយ និងជូនចំពោះព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើនូវសាររំលែកទុក្ខចំពោះការបាត់បង់ ថ្នាក់ដឹកនាំដែលជាមហាបុរសរដ្ឋវៀតណាម និងជាការបាត់បង់របស់ប្រជាជនកម្ពុជាផងដែរ។ ភាគីទាំងពីរបានសំដែង នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ នូវធនធានមហាបុរសរដ្ឋនេះ ទាំងបក្សនិងប្រជាជនវៀតណាម។

ភាគីទាំងពីរបានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ ក្នុងន័យនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាមបានសន្យាថា នឹងបន្តនូវភារកិច្ចដែល ឯកឧត្តម អគ្គលេខាធិការ បន្សល់ទុកនូវស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងនូវមិត្តភាព ជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា វៀតណាម និងពង្រឹងពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ថ្មី។

ឯកឧត្តម តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានបង្ហាញនូវមនោសញ្ចេតនា ក្នុងការចូលរួមជាគ្រួសារ និងជូនដំណើរជាលើកចុងក្រោយជូនវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ភូជុង រហូតដល់ថ្ងៃទី២៦ កក្កដា ស្អែកទៀត ដែលនេះបានបង្ហាញឲ្យឃើញថា មិត្តភាពដែលមានជាង១ទសវត្សរ៍កន្លងទៅ រវាង ឯកឧត្តម ង្វៀន ភូជុង ដែលបានធ្វើការជាមួយសម្តេចតេជោ គឺពិតជាមានតម្លៃខ្លាំងណាស់។

ក្នុងនាមជាប្រធានរដ្ឋថ្មីរបស់វៀតណាម ឯកឧត្តមនឹងបន្តការងារទាំងអស់នោះ ដើម្បីឲ្យការងារទាំងបក្ស និងរដ្ឋនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក៏ដូចជាការងារបក្ស និងរដ្ឋ នៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ ឲ្យកាន់តែរឹងមាំយូរអង្វែងតទៅមុខទៀត។

តាមរយៈនេះភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក៕

CATEGORIES
Share This