សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់ អាកាសយានដ្ឋាណយបាយ ទីក្រុងហាណូយ ប្រកបដោយសុខសុវត្ថិភាព

នៅវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋាណយបាយ រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្តិភាពហើយ ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

នៅអាកាសយានដ្ឋានអន្តរជាតិណយបាយ រដ្ឋធានីហាណូយ វត្តមាននៃការអញ្ជើញដល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអញ្ជើញទៅដល់រដ្ឋធានីហាណូយ ដើម្បីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បន្ទាប់ពីគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត ក៏ដូចជារដ្ឋាភិបាលវៀតណាម បានប្រកាសជាផ្លូវការ ក្នុងការអនុញ្ញាតឲ្យបណ្តាមេដឹកនាំពិភពលោក អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤។

តាមកម្មវិធីដែលបានគ្រោងទុក នៅក្នុងឱកាសនៃការស្នាក់នៅរដ្ឋធានីហាណូយ សម្តេចប្រធានព្រឹទ្ធសភា និងជួបពិភាក្សាការងារនិងទទួលទានអាហារពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាចជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម ឯកឧត្តម លឿង គឿង សមាជិកការិយាល័យនយោបាយប្រចាំការគណៈលេខាបក្ស កុម្មុយនីស្តវៀតណាម ឯកឧត្តម ត្រឹន ថាញ់មិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ចំពោះព័ត៌មានពិស្តារស្តីពីសកម្មភាព សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅរដ្ឋធានីហាណូយ នឹងធ្វើសេចក្តីរាយការណ៍ព្រឹត្តិការណ៍ដ៏សំខាន់នោះ ជូនបងប្អូនប្រជាពលរដ្ឋតាមកម្មវិធីដែលបានគ្រោងទុក៕

CATEGORIES
Share This