(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាស្ថានខេមអេដ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះស្តីពី “ចក្ខុវិស័យលើការប្រកួតប្រជែងរបស់កម្ពុជា និងទិសដៅអនាគត” ជូនសាស្ត្រាចារ្យ និងនិស្សិត នៃវិទ្យាស្ថានខេមអេដ ដែលកម្មវិធីនេះត្រូវបានសម្របសម្រួលដោយលោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ។
ថ្លែងក្នុងកម្មវិធីនេះ លោកជំទាវរដ្ឋមន្រ្តី បានចែករំលែកនិងលើកឡើងពីចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការលើកម្ពស់ការងារពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការធ្វើពិពិធកម្មទីផ្សារ ពង្រីកការផ្តល់សេវាសាធារណៈ ការងារកសាង ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការរៀបចំគោលនយោបាយ សំដៅពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា លើវិស័យពាណិជ្ជកម្ម។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរដល់វិទ្យាស្ថានខេមអេដ ចំពោះការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច នាពេលអនាគត។