(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហាយយ៉ាត់រេជិនស៊ីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “ការលើកកម្ពស់កិច្ចសហការសម្រាប់ការអនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងសម្ព័ន្ធនាំចេញម្ហូបអាហារនិងកសិកម្ម (Food and Agriculture Export Alliance “FAEA”) ក្រោមកិច្ចឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (US Department of Agriculture “USDA”) ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តមភារធារីកិច្ចការបរទេស នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថាសិក្ខាសាលាថ្នាក់ជាតិនេះ នឹងបង្កើនការយល់ដឹងដល់គ្រប់ភាគីអ្នកចូលរួម ឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត លើក្របខណ្ឌច្បាប់និងគោលនយោបាយសុវត្ថិភាពម្ហូបអាហារ តាមរយៈកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ពីវាគ្មិនជាតិនិងអន្តរជាតិ លើប្រធានបទដែលពាក់ព័ន្ធ។
លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ជាងពេលណាៗទាំងអស់ ប្រធានបទសុវត្ថិភាពម្ហូបអាហារនេះ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាបញ្ហាសំខាន់ទី១ ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវយកចិត្តទុកដាក់ និងស្វែងរក ដំណោះស្រាយ ដែលគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ (ចាប់ពីកសិដ្ឋាន ដល់កន្លែងបរិភោគ) ត្រូវសហការនិងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីសម្រួលដល់ការធ្វើផែនការនិងរៀបចំកម្មវិធីជាតិសម្រាប់ការអនុវត្តនិងការវិភាគ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាននៅគ្រប់ខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ និងធានាថារាល់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានអនុវត្ត និងផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនថាក្រសួងពាណិជ្ជកម្ម បានរៀបចំច្បាប់ បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាច្រើនដែលក្នុងនោះ ច្បាប់កំពុងស្ថិតក្នុងសុពលភាពអនុវត្ត ដើម្បីធានាបាននូវ សង្គតភាព និងភាពអនុលោមរបស់ប្រតិបត្តិករធុរកិច្ច ព្រមទាំងបំពេញតាមកាតព្វកិច្ចរបស់កម្ពុជាជាសមាជិកអង្គការតំបន់ និងអន្តរជាតិ មានជាអាទិ៍៖ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ និងច្បាប់សំខាន់ៗជាច្រើនទៀតផងដែរ។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវគំនិតបំផុសយោបល់មួយចំនួន ដូចជា៖ (១). ពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ «ចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀងអាហារនិងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក (២). ការអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ រឹតតែដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាព ក្នុងការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវ “កិច្ចព្រមព្រៀងស្ដីពីវិធានការអនាម័យនិងភូតគាមអនាម័យ” របស់អង្គការ WTO (៣). ភាពចាំបាច់ក្នុងការធានាបានថា វិធានការនានាពាក់ព័ន្ធគុណភាព សុវត្ថិភាព ជាពិសេស វិធានការ SPS មិនត្រូវបានអនុវត្តក្នុងលក្ខណៈ រើសអើងដោយគ្មានយុត្តិកម្ម ឬ ភ័ស្តុតាងបែបវិទ្យាសាស្រ្តនិងការវាយតម្លៃហានិភ័យត្រឹមត្រូវ ឬជាវិធានការរឹតត្បិតពាណិជ្ជកម្មអន្តរជាតិបែបបំភាន់ ដែលអាចប៉ះពាល់ដល់សន្តិសុខស្បៀងអាហារក្នុងតំបន់ និងសកលលោក និង (៤). ការពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ គ្រង់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនកិច្ចប្រឹងប្រែងបន្ថែមទៀតផងដែរ ក្នុងការកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយម្អូបអាហារ និងការគ្រប់គ្រងហានិភ័យដែលអាចកើតមាន តាមខ្សែចង្វាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ។