សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចេញសេចក្តីសម្រេច ដាក់ពិន័យមកលើ លោក អេ ភូថង និងលោកស្រី សាំង សុម៉ាលី និងកីឡាការនី អេ ស្រីនុត មិនអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែររយៈពេល៦ខែ។
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ មានការប្រកួតដណ្តើមខ្សែក្រវ៉ាត់កំពូលជើងឯកគុនខ្មែរក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម នៅលើសង្វៀន ទូរទស្សន៍ PNN រវាងកីឡាករ ម៉ឺន មេឃា និងកីឡាករ ចាន់ ប៊ុនហឿន។
ការប្រកួតដណ្តើមខ្សែក្រវ៉ាត់កំពូលជើងឯកគុនខ្មែរ ខាងលើកីឡាករ ចាន់ ប៊ុនហឿន បានឈ្នះខ្សែក្រវ៉ាត់ និងទទួលបានប្រាក់រង្វាន់ ស្រាប់តែកីឡាករ ម៉ឺន មេឃា តវ៉ាដោយសារមិនពេញចិត្តក្នុងការសម្រេចបញ្ឈប់ការប្រកួត របស់អាជ្ញាកណ្តាល ជាហេតុធ្វើឱ្យលោកស្រី សាំង សុម៉ាលី និងកីឡាការនី អេ ស្រីនុត ប្រើពាក្យសម្តីមិនសមរម្យមកលើអាជ្ញាកណ្តាល។
លុះមកដល់ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារ ទូរទស្សន៍ PNN បានមកដល់ក្លិប លោក អេ ភូថង ធ្វើការសម្របសម្រួលបានត្រូវគ្នាវិញ ថែមទាំងយកថវិការប្រាក់រង្វាន់ទៅជូនកីឡាករ ម៉ឺន មេឃា ដល់ក្លិបទៀតផង៕